(កំពង់ស្ពឺ)៖ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន បន្តចុះណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានទៅចាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូលពលរដ្ឋដោយមិនគិតថ្លៃ។

ក្នុងឱកាសចុះសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិចំនួន៩ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅចុងសប្តាហ៍នេះ លោក យឿន យឿត បានលើកឡើងទៀតថា មានតែប្រទេសកម្ពុជាទេ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ ថែមទៀតផង។

លោក យឿន យឿត បានបន្តថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានកំពុងស្វះស្វែងរកទិញវ៉ាក់សាំងបន្ថែម ទៀតដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋទូទាំង ប្រទេស ចាប់ពីអាយុ៣ឆ្នាំឡើងទៅ ខណៈប្រទេសមួយចំនួន ជាពិសេសគឺប្រទេសក្បែរកម្ពុជាតែម្តង ពួកគេមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ចាក់ជូនដល់ពលរដ្ឋ គេដោយមិនគិតថ្លៃ ដូចប្រទេសកម្ពុជាឡើយ។ ការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន គឺសបញ្ជាក់ឲ្យឃើញថា សម្តេចមានការគិតគួរ និងខ្វល់ខ្វាយខ្លាំង ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយភ័យខ្លាចពលរដ្ឋមានការឆ្លងនូវជំងឺរាតត្បាត និងបាត់បង់ជីវិត ទើបសម្តេចខ្នះខ្នែងខ្លាំង ក្នុងការស្វែង រក នូវវ៉ាក់សាំងទាំងនោះ។

ជាមួយគ្នានោះ លោកក៏បានរំលឹកឡើងផងដែរថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅទេ ហើយសម្តេចបានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ផងដែរ៕