(ដំរីផុង-ឆ្លូង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះជួបសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋានក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ពិធីជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តព្រៃគោ ឃុំដំរីផុង ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកគណបក្សខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះជួយស្រុក-ឃុំ គណបក្សស្រុក គណបក្សឃុំ បេក្ខជនមេឃុំទាំង៨ គណៈកម្មាធិការ សាខាបក្សភូមិទាំង១១ក្នុងឃុំដំរីផុង ប្រធាន អនុប្រធានក្រុមបក្សនៅតាមភូមិ មន្រ្តីមូលដ្ឋាន និង ស្មៀនឃុំ សរុបអ្នកចូលរួមមានចំនួនប្រមាណជាង ៥០០នាក់ ។

បន្ទាប់ពីលោក ហេង សុថា ប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើរបាយការណ៍ពីលទ្ធផលការងារសំរេចបានក្នុងជំហានឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខរួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារ ខេត្តក្រចេះ បានថ្លែងកោតសរសើរលើកទឹកចិត្តដល់កំលាំងសរុបរបស់មូលដ្ឋានភូមិឃុំ ដែលបានពុះពារជំនះការលំបាកបង្កដោយកូវីដ-១៩ ដើម្បីរក្សាប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាជន និងខិតខំសំរេចកិច្ចការ ត្រៀមលក្ខណៈជាមូលដ្ឋាន សំរាប់ការបោះឆ្នោតខាងមុខ។

លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងរំលឹកដោយ ធ្វើការសង្កត់ធ្ងន់ពីទិសដៅភារកិច្ចនយោបាយសំខាន់បំផុត ដែលយើងទាំងអស់គ្នាត្រូវពុះពារសំរេចឱ្យខាងតែបាន នូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់ គណបក្ស គឺត្រូវរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២នេះ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះ ដោយត្រូវប្រមូលផ្តុំផ្តោតលើការងារសំខាន់ៗដូចខាងក្រោម៖

១៖ ត្រូវច្បាមជាប់មូលដ្ឋានភូមិឃុំ ដើម្បីរក្សាការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់មុខសញ្ញាសំដៅពង្រឹងភាពកក់ក្តៅ និងជំនឿជឿជាក់ជានិច្ចរបស់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតជាទូទៅ មកលើសុខសន្តិភាព និងការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាយើង។

២៖ ត្រូវខិតខំរក្សារបៀបរស់នៅ និងរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយរាល់ផលវិបាកបង្កឡើងពីកូវីដ-១៩ ដើម្បីបង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញ សំដៅ ប្រែក្លាយរាល់ការដោះស្រាយបញ្ហាប្រឈម ទៅជាឱកាសធ្វើអំពើល្អសព្វបែបយ៉ាងបំរើប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងគ្រប់កាលៈទេសៈ។

៣៖ ត្រូវធ្វើជាស្នូលឱ្យកំលាំងសាមគ្គីប្រជាជននៅមូលដ្ឋាន ដើម្បីពង្រឹងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២នេះ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ៕