(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវយុវជនចូលរួមការពារ និងហាត់រៀនក្បាច់គុន បុរាណខ្មែរ ដើម្បីជួយថែរក្សា និងផ្សព្វផ្សាយកេរ្តិ៍មរតកដូនតាបន្តទៅមុខនោះ សមាគមបង្រៀនក្បាច់គុនខ្មែរមួយចំនួនបានលើកឡើងថា ពេលនេះសកម្មភាពនៃអ្នកចូលរួមហាត់ក្បាច់គុនបុរាណខ្មែរ មានការកើនឡើងច្រើនជាងមុន។

លោក យូ ជឿនវីរសិង្ហ ប្រធានសហព័ន្ធយុទ្ធក្រមខម ដែលជាសហព័ន្ធបង្រៀនក្បាច់គុនបុរាណខ្មែរមួយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា យុវជនជាច្រើនពេលនេះ បានចាប់អារម្មណ៍ នៅក្នុងការហ្វឹកហាត់ក្បាច់គុន បន្ទាប់ពីមានការអំពាវនាវពីនាយករដ្ឋមន្រ្តី។

លោកបានបន្ថែមថា ភាគច្រើននៃអ្នកចូលរួមហាត់ក្បាច់គុននេះ រួមាន យុវជន សិស្សនិស្សិត យុទ្ធជន និងមន្រ្តីនគរបាលដែលបាន ធ្វើឡើងនៅទីតាំង៣០កន្លែង របស់សាខាសហព័ន្ធយុទ្ធក្រមខម ជាពិសេសនៅទីតាំងបង្ហាត់មាននៅតាមសកលវិទ្យាល័យ វិទ្យាល័យបន្ទាយទាហាន ជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យ យុវជនខ្មែរជំនាន់នេះ ចូលរួមការពារ និងហ្វឹកហាត់ក្បាច់គុន ដើម្បីចែករំលែកសម្រាប់យុវជនខ្មែរជំនាន់ក្រោយហើយកូនប្រុស ទាំងរបស់ សម្ដេចតេជោ ក៏ធ្លាប់ជាអ្នកហាត់ក្បាច់គុនផងដែរ កាលពីនៅវ័យកុមារ៕