(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» បានទទួលជ័យលាភីលេខ១ កម្មវិធី«ខ្ញុំជាយុវជនគំរូកម្ពុជា» បានឲ្យដឹងថា កញ្ញា ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានជ័យលាភីនៅពេលនេះ។

ម្ចាស់ជ័យលាភីលេខ១ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»រូបនេះ បានបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែល បានឈ្នះនៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតកម្មវិធីដ៏ល្អនេះឡើង។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱកាសឲ្យយុវជន យុវនារី បានបញ្ចេញនូវសមត្ថភាពនោះទេ តែបានផ្តល់ឱកាសឲ្យយុវជន គ្រប់រូបបង្ហាញនូវ សកម្មភាពជាច្រើន ដែលចូលរួមជួយដល់សង្គមកម្ពុជា។ ក្រៅពីនោះកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ក៏បានផ្តល់នូវរង្វាន់លើកទឹកចិត្ត ទៅដល់បេក្ខជនផងដែរ»

ការលើកឡើងរបស់ កញ្ញា ហង្ស ម៉ារីនី បានធ្វើឡើង ក្រោយពីពិធីប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តដល់បេក្ខជន បេក្ខនារី ទទួលជ័យលាភី ទាំង១០រូបបានបញ្ចប់ ក្រោមការចូលរួមពី លោក ដួង តារា តំណាងឲ្យសម្តេច តេជោ ហ៊ុន សែន និងអាណាព្យាបាលរបស់បេក្ខជន និងបេក្ខនារី ជាច្រើនរូបទៀត នៅវិមានសន្តិភាព នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។

ក្រោយផ្តល់រង្វាន់ជូនដល់ បេក្ខជន បេក្ខនារី ទទួលជ័យលាភីទាំង១០រូប លោក ដួង តារា តំណាងឲ្យសម្តេច តេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលសម្តេចបានផ្តួចផ្តើម ឲ្យមានកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នេះឡើង ក្នុងគោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺ លើកទឹកចិត្ត និងគាំទ្រ ប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿននិងល្បែង អបាយមុខផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យ កោសល្យនិងស្នាដៃគំរូល្អ ដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។ លោករំពឹងថា យុវជនកម្ពុជា នឹងចូលរួមនៅក្នុងកម្មវិធីនេះ ជាបន្តទៀតដើម្បី ចូលរួម ចំណែកក្នុងការជួយដល់សង្គមកម្ពុជា។

គួរបញ្ជាក់ថា កម្មវីធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២ បានរកឃើញម្ចាស់ជ័យលាភីហើយ «TOP-1» គឺ បានធ្លាក់ទៅលើកញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារស ប្បុរសធម៌ ជូនជនទីទាល់ក្រ» ហើយទទួលបានការបោះឆ្នោតគាំទ្រ Likes ច្រើនជាងរហូតដល់ 11K!។ កញ្ញា ហង្ស ម៉ារីនី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយរូប​ ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុង វិស័យសិល្បៈ ហើយកន្លងកញ្ញា តែងតែរៀបចំកម្មវិធីសប្បុរសធម៌នានា ដើម្បីជួយដល់ជនចាស់ជរា និងកុមារក្រីក្រ កុមារកំព្រាជាដើម។

កញ្ញា ហង្ស ម៉ារីនី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយរូប​ ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ ហើយកន្លងកញ្ញាតែងតែរៀបចំ កម្មវិធីសប្បុរសធម៌នានា ដើម្បីជួយដល់ជន ចាស់ជរា និងកុមារក្រីក្រ កុមារកំព្រាផងដែរ៕