(ភ្នំពេញ)៖ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គម្រោងកសាងសមត្ថភាពនេះ មានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួនពីរទៀត គឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ (Caritas-CCAMH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO)។

ក្នុងរយៈពេលពីរឆ្នាំខាងមុខ អ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដែលជាគ្រូពេទ្យអ្នកឯកទេស ដែលរួមមានក្រុមចម្រុះវិស័យនៃអ្នកអាជីពថែទាំសុខភាពផ្លូវចិត្ត មកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី នឹងធ្វើការងារដោយផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជាចំនួន៥០នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តប្រសើរបំផុត ក្នុងវិស័យនេះ។

ក្នុងចំណោមគ្រូពេទ្យកម្ពុជាទាំងនេះ គ្រូពេទ្យ១២នាក់ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្លាយជាគ្រូបណ្តុះបណ្តាល Master Trainers។ គ្រូពេទ្យទាំងនេះនឹងចូលរួមជាមួយអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដើម្បីបង្រៀនគ្រូពេទ្យផ្សេងទៀត។

គំរូបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាលនេះ នឹងផ្តល់អំណាចដល់ប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើតឱ្យមានផលប៉ះពាល់រយៈពេលវែង និងប្រកបដោយនិរន្តរភាព ទៅលើសហគមន៍កាន់តែទូលំទូលាយ។ យ៉ាងហោចណាស់មនុស្ស ៣ម៉ឺននាក់ក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការបញ្ចប់គម្រោងនេះ នៅក្នុងឆ្នាំ២០២៤។

សិក្ខាកាមកម្ពុជាភាគច្រើននឹងជាគ្រូពេទ្យវិកលវិទ្យា និងគ្រូពេទ្យសង្គ្រោះបន្ទាន់ ហើយក៏មានគ្រូពេទ្យចិត្តវិទ្យា គិលានុប្បដ្ឋាក បុគ្គលិកសង្គម និងគ្រូពេទ្យទូទៅផងដែរ។ ការបណ្តុះបណ្តាលនេះនឹងផ្តោតលើរបៀបគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា និងព្យាបាលអ្នកជំងឺដែលមានបញ្ហាផ្លូវអារម្មណ៍ និងថប់អារម្មណ៍។

សិក្ខាកាមនឹងចូលរួមក្នុងសិក្ខាសាលាអនឡាញជាច្រើន និងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី នៅពេលដែលការធ្វើដំណើរ ត្រូវបានអនុញ្ញត។ ដឹកនាំដោយក្រុមស្ម័គ្រចិត្ត SIV សិក្ខាកាមក៏នឹងរួមគ្នាបង្កើតក្របខ័ណ្ឌបណ្តុះបណ្តាលមួយ និងពិធីសារគ្រប់គ្រងជាតិមួយ សម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា។

កិច្ចប្រជុំសាធារណៈចំនួន២ ក៏នឹងត្រូវបានរៀបចំធ្វើឡើងផងដែរដើម្បីបង្កើនការយល់ដឹង និងការស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្ត។ ការណ៍នេះនឹងជួយកាត់បន្ថយការមាក់ងាយ និងអាចឱ្យប្រជាពលរដ្ឋស្វែងរកជំនួយនៅពេលពួកគេត្រូវការ។

គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្តនេះ ត្រូវបានដាក់ដំណើរការដោយអ្នកនាង Lee Huay Leng ប្រធានមូលនិធិ SIF និងសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្នកមុខអ្នកការផ្សេងទៀតដែលចូលរួម ក្នុងកម្មវិធីនេះ រួមមានលោក Alvin Koh អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា។

អ្នកនាង Lee ប្រធានមូលនិធិ SIF មានប្រសាសន៍ថា «ខណៈដែលមនុស្សកាន់តែច្រើនឡើងមានជំងឺផ្លូវចិត្ត មានតម្រូវការជាបន្ទាន់សម្រាប់សហគមន៍នៅទូទាំងពិភពលោក ក្នុងការតភ្ជាប់ និងរួមគ្នាដោះស្រាយការមាក់ងាយ និងកង្វះការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ ដូច្នេះ មូលនិធិ SIF មានក្តីរីករាយក្នុងការដាក់ដំណើរការគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តរយៈពេល ២ឆ្នាំនៅកម្ពុជា ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ យើងកំពុងនាំយកមករូមគ្នា នូវអ្នកឯកទេសផ្នែកថែទាំសុខភាពមកពីប្រទេសសិង្ហបុរី និងកម្ពុជា ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងការអនុវត្តប្រសើរបំផុត ដើម្បីជាប្រយោជន៍ដល់មនុស្សយ៉ាងហោចណាស់ ៣ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៤។ គម្រោងនេះក៏ធ្វើដើម្បីរំឭកខួបទី២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិ SIF និងប្រជាជនកម្ពុជាផងដែរ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ»

អ្នកគ្រូសាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានប្រសាសន៍ថា «សុខភាពផ្លូវចិត្ត គឺជាបញ្ហាធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយមនុស្សជាច្រើន រងគ្រោះដោយស្ងៀមស្ងាត់។ ដូច្នេះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានកិត្តិយស ដែលបានធ្វើការងារជាមួយមូលនិធិ SIF សម្រាប់ គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត។ យើងសូមថ្លែងអំណរគុណដល់ការគាំទ្រ និងមិត្តភាពដ៏កក់ក្តៅពីក្រុមការងារស្ម័គ្រចិត្ត មកពីសិង្ហបុរីដែលចង់ចែករំលែកជំនាញរបស់ពួកគេ ជាមួយបុគ្គលិកថែទាំសុខភាពរបស់យើង។ យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការសំខាន់ កាន់តែច្រើនថែមទៀតជាមួយ SIF នៅឆ្នាំខាងមុខ»

គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត គឺជាគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តទី៣ របស់មូលនិធិ SIF នៅកម្ពុជា។ គម្រោងនេះកើតមានឡើងបន្ទាប់ ពីទទួលបានជោគជ័យលើគម្រោងកសាងសមត្ថភាព កន្លងមកក្នុងរាជធានីភ្នំពេញ នៅពេលដែលក្រុមអ្នកស្ម័គ្រចិត្ត SIVs ដែលជាគ្រូពេទ្យឯកទេស បានបណ្តុះបណ្តាលអ្នកអាជីពថែទាំសុខភាពកម្ពុជា ក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ (ឆ្នាំ២០០២-២០០៤) និងការផ្តល់ប្រឹក្សាសម្រាប់កុមារស្ថិតក្នុងហានិភ័យ (ឆ្នាំ២០០៧)។

ការណ៍នេះបានបង្កើតឱ្យមានគ្រូបណ្តុះបណ្តាល Master Trainers កម្ពុជាជាង ៥០នាក់ ដើម្បីផ្តល់ការថែទាំកាន់តែប្រសើរសម្រាប់កុមារជួបបញ្ហា និងកុមារមានជំងឺផ្លូវចិត្ត និងគ្រួសាររបស់ពួកគេ។

គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញ ក៏ធ្វើឡើងដើម្បីរំឭកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយផ្សេងទៀតផងដែរ ពោលគឺជាមិត្តភាពរយៈពេល ២០ឆ្នាំរវាងមូលនិធិ SIF និងប្រទេសកម្ពុជាដើម្បីធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ និងកសាងមិត្តភាពជានិរន្តន៍រវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា។

នៅកម្រិតពិភពលោកវិញ គម្រោងនេះចូលរួមចំណែកដល់គោលដៅទី៣ (សុខភាពនិងសុខុមាលភាពល្អ) និងគោលដៅទី ៧ (ភាពជាដៃគូសកលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ៕