(បន្ទាយមានជ័យ)៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗមានរថយន្តដឹកទំនិញថៃចូលមកកម្ពុជា មិនតិចជាង២០០គ្រឿង មានទំនិញហូបចុក គ្រឿងសំណង់ និងរថយន្តថ្មីរបស់ក្រុមហ៊ុនដែលនាំចូល។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃរថយន្តដឹកទំនិញថៃចូលមកកម្ពុជាមិនតិចជាង២០០គ្រឿង មានទំនិញហូបចុក គ្រឿងសំណង់ និងរថយន្តថ្មីរបស់ក្រុមហ៊ុនដែលនាំចូល។

លោកបានបញ្ជាក់ថា រថយន្តដឹកទំនិញដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តម្រូវឡាន១គ្រឿងមានគ្នា២នាក់មានអ្នកបើកបរ១នាក់ និងព្រូ១នាក់ ពេលបើកមកដល់ចំណុចព្រំដែនតម្រូវឱ្យក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ក ធ្វើតេស្តរកកូវីដ១៩ហើយ ទើបអនុញ្ញាតឱ្យបើករថយន្តចូល ដើម្បីការពារកូវីដ១៩ មិនអោយរីករាលដាលក្នុងសហគមន៍។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា ច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញថៃដែលនាំចូលច្រើនតែទំនិញកម្ពុជាចូលទៅប្រទេសថៃវិញមានភាគតិចណាស់ ហើយនៅពេលរថយន្តដឹកទំនិញថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថបានពិនិត្យគ្រប់រថយន្តដែលចូលមកកម្ពុជា ដើម្បីត្រួតពិនិត្យរកខ្លាចមានលួចលាក់នាំចូលពលករដោយខុសច្បាប់និងទប់ស្កាត់កូវីដ១៩។

លោកបានបញ្ជាក់ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងអគារដ្ឋបាលមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនោះផងដែរ៕