(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

លិខិតរំលែកទុក្ខរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា «សូមជូនលោកជំទាវ សុខ លាង និងក្រុមគ្រួសារ។ លោកជំទាវ ជាទីរាប់អាន!

ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវេលាម៉ោង១០:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ»

មរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបានរួមចំណែកក្នុងការតស៊ូរំដោះជាតិរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសានជីវិត និងក៏ជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ លោកជំទាវ ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ល្អប្រពៃ។

ក្នុងឱកាសដ៏សែនសង្វេគនេះ ខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕