(ភ្នំពេញ)៖ លោកស្រី អាណាលីណា បៀបក (ANNALENA BAERBOCK) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផលការចាក់វ៉ាក់សាំងនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការកោតសរសើររបស់អាល្លឺម៉ង់ បានធ្វើឡើងគ្រាដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ នេះគឺជាទស្សនកិច្ចលើកទី១ ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយ នៅក្នុងខែមករា ឆ្នាំ១៩៩៧ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៩០% បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ លោកស្រី ANNALENA BAERBOCK ក៏បានស្ងើចសរសើរចំពោះសមិទ្ធផលទាំងនេះ ហើយបានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់ជំងឺរាតត្បាតនេះនៅទូទាំងពិភពលោក។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ប្រមុខការទូតកម្ពុជា បានជួបពិភាក្សាការងារផ្លូវការជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងប្រធានបទផ្សេងៗជាច្រើនទៀត។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនៅរាជធានីភ្នំពេញ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាពក្នុងឆ្នាំ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប ៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសសម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ ដើម្បីគំាទ្រដល់វិធានការ ឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រជាតិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ កម្ពុជាប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញដល់ ២៥% នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូន (Carbon Neutral) នៅឆ្នាំ២០៥០។

រដ្ឋមន្ត្រីទំាងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលផលប្រយោជន៍ក៏ដូចជាកង្វល់ នៅក្នុងតំបន់ទាំងពីរ។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ទាក់ទិននឹងបញ្ហានេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ លោកស្រីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងអំឡុងពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។ រដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមក សម្រាប់បេក្ខភាពរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិ៕