(ឧត្តរមានជ័យ)៖ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្តិភាព និងសិទ្ធិមនុស្ស» នៅស្រុកអន្លង់វែង។

ទស្សនកិច្ចសិក្សានេះចាប់ផ្ដើមនៅម៉ោង២៖០០នាទីរសៀល ក្នុងគោលបំណង «លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសាស្រ្តនៅក្នុងសហគមន៍អន្លង់វែង» ដែលមានយុវជនចំនួន១៦នាក់ (ស្រី១១នាក់ និងប្រុស៥នាក់) មកពីស្រុកត្រពាំងប្រាសាទ៥នាក់ និងស្រុកអន្លង់វែង១១នាក់ បានមកចូលរួម។

ទស្សនកិច្ចសិក្សានេះ ចាប់ផ្ដើមចេញដំណើរពីការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតនៅជាប់ស្ពានអូរជីក ឆ្ពោះទៅកាន់អតីតផ្ទះកណ្ដាលរបស់ តាម៉ុក នៅលើភ្នំដងរែក ដែលបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

រថយន្តដែលដឹកក្រុមយុវជនបានធ្វើដំណើរសន្សឹមៗ តាមជួរភ្នំដងរែក ដែលមានរុក្ខជាតិតូចធំជាច្រើនដុះអមសងខាងផ្លូវ។ បន្ទាប់មក ក្រុមយុវជន និងក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទៅដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

នៅក្នុងការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានការដាក់តាំងពិព័រណ៍ រូបភាពជាច្រើនផ្ទាំងទាក់ទងទៅនឹងដំណើរទស្សនកិច្ច របស់គណៈប្រតិភូចិនមកកាន់ប្រទេសកម្ពុជា និងរូបភាពពេលកងកម្លាំងខ្មែរក្រហម ធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅឆ្នាំ១៩៩៨។ ក្រៅពីរូបភាពទាំងនេះ នៅមានសៀវភៅជាច្រើនទៀតដែលត្រូវបានដាក់តាំងដោយក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសម្រាប់ឲ្យភ្ញៀវទស្សនា និងអាន។

មគ្គុទេ្ទសក៍ ចាប់ផ្ដើមធ្វើបទបង្ហាញយ៉ាងក្បោះក្បាយទៅកាន់ក្រុមយុវជនឲ្យបានយល់ដឹងអំពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឬអតីតផ្ទះកណ្ដាលរបស់ តាម៉ុក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៥។ ផ្ទះនេះត្រូវបាន តាម៉ុក ទុកសម្រាប់ជាទីកន្លែងប្រជុំសំខាន់ៗ ជាមួយនឹងថ្នាក់ដឹកនាំធំៗរបស់ខ្មែរក្រហម ដូចជា ប៉ុល ពត, ខៀវ សំផន, នួន ជា ព្រមទាំងមេបញ្ជាការកងពលខ្មែរក្រហមផ្សេងៗទៀត។

បច្ចុប្បន្ន មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឬអតីតផ្ទះកណ្ដាលរបស់ តាម៉ុក នេះ គឺជាបណ្ណាល័យ និងជាទីកន្លែងសាកសួរព័ត៌មានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏ជាការិយាល័យសិក្សាមួយសម្រាប់អ្នកដែលចង់មកស្រាវជ្រាវទាំងក្នុងនិងក្រៅប្រទេសដែរ។

ជាកិច្ចបន្ទាប់នៃដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងលើភ្នំដងរែកនេះ ក្រុមយុវជនទាំងអស់បានវិលត្រឡប់មកកាន់រថយន្ត ដើម្បីចេញដំណើរទៅកាន់ទីកន្លែងបូជាសព ប៉ុល ពត បន្តទៀត។ នៅទីតាំងបូជាសព ប៉ុល ពត នេះ មគ្គុទេ្ទសក៍បានធ្វើការអធិប្បាយយ៉ាងលម្អិតទៅកាន់ក្រុមយុវជនទាក់ទងនឹង ប៉ុល ពត ដែលជាមេដឹកនាំនៅសម័យខ្មែរក្រហម។ ប៉ុល ពត បានស្លាប់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំឆ្នាំ១៩៩៨ ដោយសារជំងឺគាំងបេះដូង។ នៅក្នុងអំឡុងពេលដែល ប៉ុល ពត ស្លាប់គឺជាពេលដែលកងកម្លាំងរាជរដ្ឋាភិបាលវាយលុកចូលមកកាន់តំបន់អន្លង់វែងកាន់តែខ្លាំង ជាហេតុធ្វើក្រុមគ្រួសាររបស់ ប៉ុល ពត ពុំអាចរកឈើឬឧសបានគ្រប់គ្រាន់សម្រាប់យកមកបូជាសពរបស់ ប៉ុល ពត។ ដូច្នេះសាកសពរបស់ ប៉ុល ពត ត្រូវបានបូជាជាមួយនឹងកៅអី រួមជាមួយនឹងសម្បកកង់ឡានចាស់ៗ។ ក្រោយពីបូជារួចហើយ ឆ្អឹងរបស់ ប៉ុល ពត ក៏ត្រូវបានទុកចោលនៅទីនោះរហូតមកដល់ពេលបច្ចុប្បន្ន។

មិនបង្អង់យូរក្រុមយុវជនធ្វើដំណើរទៅសារមន្ទីរ តាម៉ុក បន្តទៀត។ នៅពេលដែលទៅដល់ទីនោះយុវជន ព្រមទាំងក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទៅទស្សនារូបគំនូរ រូបថត ទិដ្ឋភាព នៅជុំវិញសារមន្ទីរផ្ទះ តាម៉ុក ក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

មគ្គុទ្ទេសក៍ចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិនៃទីតាំងសារមន្ទីរនេះ។ ផ្ទះតាម៉ុក ឬសារមន្ទីរផ្ទះតាម៉ុក ត្រូវបានកសាងឡើងដោយមេដឹកនាំខ្មែរក្រហមឈ្មោះ ឈិត ជឿន ហៅ តាម៉ុក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៣។ នៅទីនោះមានផ្ទះចំនួន៤ខ្នង ដែលហ៊ុព័ទ្ធដោយបឹងមានផ្ទៃក្រឡាទំហំ៤១៧ហិចតា។ ផ្ទះទាំងបួននេះត្រូវបានបែងចែកមុខងារខុសៗពីគ្នាគឺ ផ្ទះទី១) សម្រាប់ដាក់ឡាន។ ផ្ទះទី២) មានបីជាន់ ជាន់លើជាបន្ទប់ស្នាក់នៅរបស់តាម៉ុក, ជាន់កណ្ដាលជាកន្លែងទទួលភ្ញៀវ និងជាន់ក្រោមគឺជាទីកន្លែងលាក់ខ្លួនរបស់ តាម៉ុក។ ផ្ទះទី៣) សម្រាប់ក្រុមគ្រួសាររបស់ តាម៉ុក រស់នៅ និង ផ្ទះទី៤) គឺជារោងបាយ និងជាកន្លែងស្នាក់នៅរបស់ចុងភៅ។

មុនពេលដំណើរទស្សនកិច្ចសិក្សានេះត្រូវបានបញ្ចប់ ក្រុមយុវជនលើកជាមតិ និងចំណាប់អារម្មណ៍របស់ខ្លួនផងដែរ។

ហូ លីនដា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងតាវ បាននិយាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ។ វាគឺដំណើរទស្សនកិច្ចមួយដែលធ្វើឲ្យខ្ញុំ និងយុវជនផ្សេងៗទៀតមានការយល់ដឹងច្រើនទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ អ្វីដែលសំខាន់គឺខ្ញុំអាចមកដល់ទីតាំងផ្ទាល់ ដែលស្ថិតនៅក្នុងស្រុកអន្លង់វែងនេះ និងបានស្ដាប់ដំណើរដើមទង និងប្រវត្តិនៃទីតាំងប្រវត្តិសាស្រ្តនីមួយៗថែមទៀត»

ព្រេក សុជាតិ ភេទស្រី ១៩ឆ្នាំ គឺជាសិស្សលើកឡើងថា «នេះគឺជាលើកដំបូងរបស់ខ្ញុំដែលបានមកចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សាបែបប្រវត្តិសាស្រ្តនេះ។ ពីមុនខ្ញុំធ្លាប់តែបានសិក្សានៅតាមសាលាជាទ្រឹស្តី ប៉ុន្តែនៅក្នុងឱកាសនេះ ខ្ញុំបានចុះមកដល់ទីតាំងផ្ទាល់ ក៏ដូចជាបានមកស្ដាប់នូវរឿងរ៉ាវជាច្រើនទាក់ទងនឹងទីតាំងប្រវត្តិសាស្រ្តនីមួយៗថែមទៀត។ ខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺ ទីតាំងផ្ទះកណ្ដាលរបស់ តាម៉ុក ដែលបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ព្រោះមានទេសភាពស្អាតដែលភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្តនៅទីនោះ»

ឆោម និមល ភេទស្រី អាយុ១៩ឆ្នាំ គឺជាសិស្សមកពីស្រុកត្រពាំងប្រាសាទ បាននិយាយថា «ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចសិក្សានេះរួចមក ខ្ញុំពិតជាមានអារម្មណ៍ប្លែក។ ខ្ញុំធ្លាប់តែមកកម្សាន្តនៅ ពើយ តាម៉ុក, សារមន្ទី តាម៉ុក ប៉ុន្តែពុំធ្លាប់បានដឹងពីដំណើរសាច់រឿងនៃទីតាំងប្រវត្តិសាស្រ្តទាំងអស់នេះឡើយ។ ទស្សនកិច្ចនៅថ្ងៃនេះបានផ្ដល់នូវចំណេះដឹងជាច្រើនសម្រាប់ខ្ញុំក៏ដូចយុវជនផ្សេងទៀតដែលបានចូលរួម។ ខ្ញុំគិតថាបើមានឱកាសលើកក្រោយ ខ្ញុំចង់ចូលរួមម្តងទៀត និងជាពិសេសខ្ញុំចង់យុវជនផ្សេងៗទៀតមានឱកាសបានមកចូលរួមដំណើរទស្សនកិច្ចសិក្សាដូចខ្ញុំដែរ ដើម្បីឲ្យយុវជនបានសិក្សា ក៏ដូចជាចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់នេះ»

ដំណើរទស្សនកិច្ចនេះត្រូវបានបញ្ចប់នៅម៉ោង៥រសៀលថ្ងៃដដែល និងមានការថតរូបជុំគ្នានៅខាងមុខសារមន្ទីរ តាម៉ុក ទុកជាអនុស្សាវរីយ៍៕