(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ នៅខេត្តព្រះវិហារ។

ទិវានេះធ្វើឡើងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមគ្រប់រូបភាព ដែលកម្ពុជាបានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក ហើយការជួបជុំគ្នា គឺដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងអារម្មណ៍ក្រៀមក្រំចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ របស់បងប្អូនបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

ពិធីនេះមានការចូលរួមពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រី Alissar Chaker ប្រធានUNDP ប្រចាំនៅកម្ពុជា, លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការ យ៉ាងល្អប្រសើរក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ព្រមទាំងបានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើស យកខេត្តព្រះវិហារ សម្រាប់រៀបចំទិវាជាតិនេ ដែលការរៀបចំលើកទី១ កាលពីឆ្នាំ២០១៦។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធិផលជាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់សម្រាប់ការងារបោសសម្អាតមីន/ គ្រាប់រយៈពេលជិត ៣០ឆ្នាំនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានមហិច្ឆតាធំធេង ដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ព្រមទាំងមានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចធ្វើបានជាមួយនឹងការតាំងចិត្តខ្ពស់ និងការប្តេជ្ញាចិត្តរួមទាំងអស់គ្នា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ព្រមទាំងសម្តែងនូវការដឹងគុណ ចំពោះវីរភាពដ៏អង់ អាចក្លាហាន របស់ប្រតិបត្តិករ បោសសម្អាតមីនជាតិ និងអន្តរជាតិ ជាពិសេសវីរបុរស-វីរនារីដោះមីន ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយ ប្រថាន អាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីមានកិច្ចខិតខំប្រឹងប្រែង លើការងារបោសសម្អាតមីន និងគ្រាប់យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតែមានជាប្រចាំ ហើយការចូលរួមចំណែកពីសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា ដើម្បីលប់បំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា ទិវាជាតិនៃការយល់ដឹងអំពីមីនថ្ងៃនេះ មានតម្រូវការសម្រាប់ការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ។ លោកស្រីមានមោទនភាពដែលចក្រភពអង់គ្លេស បន្តធ្វើជាម្ចាស់ជំនួយដ៏សំខាន់ និងជាអ្នកគាំទ្រចំពោះការសន្យារបស់កម្ពុជា ក្នុងការប្រកាសប្រទេសគ្មានមីនឆ្នាំ២០២៥ ហើយចាប់ពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានផ្តល់ថវិកាចំនួន ២៤លានដុល្លារ ដល់អង្គការ Halo Trust, MAG និង NPA ដែលជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជាដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតមួយក្នុងការរួមចំណែកក្នុងសកម្មភាពមីននៅកម្ពុជា។

លោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារបោសសម្អាតមីន ការតាំងចិត្ត និងការខិតខំ ប្រឹងប្រែងរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ខណៈពេលដែលដំណើរការ លើការបោសសម្អាតមីននោះ យើងមិនត្រូវភ្លេចនូវសសរស្តម្ភចំនួន៥ ផ្សេងទៀតនៃសកម្មភាពមីនទេ គឺការអប់រំហានិភ័យមីន ដើម្បីកាត់បន្ថយហានិភ័យនៃការរងគ្រោះ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយា តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ ការអប់រំ និងបណ្តុះបណ្តាល និងទំនាក់ទំនងជាមួយសហគមន៍៕