(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

អដ្ឋិធាតុនាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ដែលជាថ្ងៃទី១ នៃពិធីបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីសាសនា នមស្ការ សមាទានសិល៍ ព្រះសង្ឃចំរើនព្រះបរិត្ត ធម្មកថិកសំដែងព្រះធម្មទេសនា។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីសម្តេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយអគ្គ សេនាធិការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហានជាន់ខ្ពស់គ្រប់កងឯកភាព កងយោធពលខេមរភូមិន្ទជាច្រើនរូប។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន, សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសាបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ហើយដែលរូបសម្តេច និង នាយឧត្តមសេនីយ៍ សុខ សារឿន ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច ក៏ដូចជា នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បានចាក់ទុកថា ការបាត់បង់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់លោក បានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។

រូបកាយរបស់ លោកបានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវិរភាពដ៏ឧត្តុង្គឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ។

សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ បានចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី និងញាតិមិត្តជិតឆ្លាយនៃសព និងសូមលំឱនកាយវាចាចិត្ត ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ សព បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ឥស្សរជនជាន់ខ្ពស់ក្រសួងការពារជាតិ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បាននិមន្តព្រះសង្ឃធ្វើបទនមស្ការ សមាទានសិល៍ ព្រះសង្ឃចំរើនព្រះបរិត្ត ធម្មកថិកសំដែងព្រះធម្មទេសនា ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន ដែលបានធ្វើមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ទីស្ងប់សុគតិភពកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។

សូមបញ្ជាក់ថា អដ្ឋិធាតុសព នាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានប្រារព្វពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីសាសនា រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបានអនុញ្ញាតឲ្យ ឥស្សរជនជាន់ខ្ពស់តាមក្រសួងស្ថាប័នកំពូលៗរបស់រដ្ឋ បានចូលគោរពវិញ្ញាណក្ខន្ធ និងកិច្ចជំរាបលា ក៏ដូចជាការជូនដំណើរជាលើកចុងក្រោយ ចំពោះវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន ដែលបានមរណកាល ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ៕