(ភ្នំពេញ)៖ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់និងនីតិវិធីបោះឆ្នោតគណបក្សខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលច្បាប់បទបញ្ជា និងនីតិវិធីបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ នៅមន្ទីគណបក្ស ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បត៌ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកបណ្ឌិត ថេង ច័ន្ទសង្វារ
អនុប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីលោក លោកស្រីគ្រូបង្គោល គ្រូឧទ្ទេស ច្បាប់ ខេត្ត /ស្រុក/ក្រុង/ឃុំ/សង្កាត់/ ទូទាំងខេត្តត្បូងឃ្មុំចំនួន ១៨៤នាក់។

វគ្គបណ្តុះបណ្តាលនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស និងរៀបចំត្រួតពិនិត្យលើការពង្រឹង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីច្បាប់ក្នុងមូលដ្ឋាន និងការងារត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក ចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ស្តីពីច្បាប់បទបញ្ជានិងនីតិវិធីបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលកាន់តែខិតជិតមកដល់ ហើយដែលជាការដ៏សំខាន់សម្រាប់ទាំងអស់គ្នា ពិសេសគណៈកម្មការបក្សក្រុងស្រុក ត្រូវសហការជាមួយគណៈកម្មការច្បាប់-ឃុំ/សង្កាត់ ដែលបំពេញការងារផ្ទាល់ ពាក់ព័ន្ធនឹងការងារបោះឆ្នោះត្រូវជួយរៀបចំសំណុំបែបបទ ចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ និងមន្រី្តពាក់ព័ន្ធនិងការបោះឆ្នោត ដើម្បីបានរហ័ស និងប្រសិទ្ធិភាពខ្ពស់ ត្រូវក្តាប់បានពីអ្វីដែលមានការប្រែប្រួល ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ។

លោកក៏បានលើកឡើងពីសារៈសំខាន់ និងគោលបំណងនៃវគ្គ នេះគឺដើម្បីឲ្យសិក្ខាកាមដែលជាគ្រូបង្គោលគ្រូឧទ្ទេសនៃក្រុមអ្នកច្បាប់ក្រុងស្រុក ឃុំសង្កាត់ ទាំងអស់
បានយល់ដឹងអំពីច្បាប់និងបទបញ្ជានីតិវិធីនានានិងប្រតិទិន (គ.ជ.ប) សម្រាប់ពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់/ដែល នឹងប្រព្រឹត្តទៅ នៅពេលខាងមុខនេះ។

លោកតំណាងរាស្ត្របានលើកឡើងផងដែរ ពីក្រមសីលធម៌អ្នកសង្កេតការណ៍ ជាពិសេសភ្នាក់ងារសង្កេតការណ៍របស់គណបក្ស សម្រាប់អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រិត្យ ដើម្បីធានាបានកិច្ចការសង្កេតការណ៍បោះឆ្នោត ដែលត្រូវធ្វើឡើងដោយសុចរិតភាព មានតម្លាភាព និងច្បាប់វិវាទការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបណ្តោះអាសន្នជាដើម។

លោក ស៊ាក ឡេង បានកោតសរសើរក្រុមគ្រូបង្គោល គ្រូឧទ្ទេស ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ ដែលបានខិតខំសិក្សាស្វែងយល់ជំនាញ ហើយសង្ឃឹមថា នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួន បានកាន់តែប្រសើរឡើងថែមទៀត។ មួយវិញទៀតចំពោះបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ពេលបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕