(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ របស់ខេត្តបន្ទាយមានជ័យ រួមមាន សាខាកាំកុងត្រូលខេត្ត នគរបាលប៉ុស្តិ៍ជប់វ៉ារី នគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងមន្រ្តីពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ ទំនិញដែលដាក់តាំងលក់នៅ ក្នុងផ្សារចក្រី ដើម្បីរកឲ្យឃើញតើទំនិញណាខ្លះខូចគុណភាព។

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុក ស្ថិតិទីផ្សារទូទាំងខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងចុះធ្វើការងារនេះ បានថ្លែងប្រាប់ Fresh News ថា ដោយសារមានការណែនាំជាប្រចាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យមកនោះ នៅព្រឹកថ្ងៃនេះ លោកនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ ដែលដាក់តាំងលក់ នៅក្នុងផ្សារចក្រី រហូតធ្វើការរឹបអូសទំនិញមួយចំនួនផងដែរ។

បើតាមលោក ហុង លៀង ក្រោយធ្វើការត្រួតពិនិត្យរួចមកកម្លាំងសមត្ថកិច្ច បានធ្វើការដកហូតមុខទំនិញមួយចំនួនរួមមាន៖
ទឹកផ្លែឈើ ១៦៨ដប
ទឹកសាម៉ារ៉ៃ ២០កំប៉ុង
ទឹកក្រូច ៤៦ដប
ទឹកម្ទេស ២ដប
នុំដុះផ្សិត ៨៥កញ្ចប់
ចាហ៊ួយ​ ៤ដប
ទឹកដោះគោកូនក្មេ​ង ៤ប្រអប់ស្មើរ ៤ដប និង
សសៃគុយទាវ មានសារធាតុ បូរ៉ាក់ ៥គីឡូក្រាម។

លោក ហុង លៀង ជាថ្មីម្តងទៀត បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋទាំងឡាយដែលរកស៊ីលក់ទំនិញ ផ្សេងៗ ត្រូវចូលរួមពង្រឹងនូវគុណភាពឲ្យបានខ្លាំង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ប៉ុន្តែឥឡូវនេះ ក្រុមអាជីវករមានការយល់ដឹងច្រើន ក្រោយពីកម្លាំងសមត្ថកិច្ចចំរុះ ចុះត្រួតពិនិត្យជាច្រើនលើករួចមក៕