(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្វាគមន៍នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងសភាប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ីសូមស្វាគមន៍នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងសភានៃប្រទេសទាំងពីរ។ ក្នុងនោះសភាម៉ាឡេស៊ី បានបង្កើតនូវក្រុមមិត្តភាពចំនួន ៣៦ក្រុម រួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី និងវៀតណាម...។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីសូមស្នើឱ្យសភាកម្ពុជាពិចារណាបង្កើតក្រុមមិត្តភាពនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនកិច្ចរវាងក្រុមមិត្តភាពនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេស ម៉ាឡេស៊ីនាពេលសមស្របណាមួយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពចំពោះប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការបង្កើតក្រុមមិត្តភាពរវាងសភានៃប្រទេសទាំងពីរ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ សម្តេចលើកឡើងថា ការរីកចម្រើននេះស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី ថា្នក់ដឹកនាំជាន់ខ្ពស់ តាមក្រសួង មន្ទីរ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ សម្តេចបានបន្តថា ព្រឹទ្ធសភាកម្ពុជា សូមគាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាប្រធានប្តូរវេនមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣។ ក្នុងនាមសភាកម្ពុជា សម្តេចបានអញ្ជើញ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕