(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចាត់ទុកទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា កន្លងទៅនេះ គឺជាការនាំសំឡេងអាស៊ាន ទៅកាន់មីយ៉ាន់ម៉ា ដើម្បីឱ្យកុងសង់ស៊ីស៥ចំណុច បោះជំហានទៅមុខ។

ឆ្លើយនឹងសំណួរ Fresh News ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានបញ្ជាក់ដូច្នេះថា៖ «តាមពិត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំសំឡេងអាស៊ានទៅមីយ៉ាន់ម៉ា ដើម្បីឱ្យកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ត្រូវបានអនុវត្ត និងបោះជំហានទៅមុខ ហើយខ្ញុំជឿថា មីយ៉ាន់ម៉ាយល់អំពី គោលដំណងរបស់អាស៊ាន ដែលចង់បានសន្តិភាពនៅមីយ៉ាន់ម៉ា ដើម្បីប្រជាជនមីយ៉ាន់ម៉ា»

សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ អំឡុងទស្សនកិច្ចនេះ មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២, ធានាសម្របសម្រួលឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។

ដំណើរទស្សនកិច្ចនេះ មានប្រទេសសមាជិកអាស៊ាន និងប្រទេសជាច្រើន បានប្រកាគាំទ្រ ខណៈដែលបុគ្គលមួយចំនួន មិនគាំទ្រដោយបញ្ចេញមតិរិះគន់តាមទស្សនៈរៀងខ្លួន ក្នុងនោះក៏មានរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីផងដែរ។

ទោះជាយ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ម៉ាឡេស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ព្រមទាំង បានសម្ដែងនូវការគាំទ្រយ៉ាងពេញលេញចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ាផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកថែមទៀត៕