(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញរយ់ពេល២ថ្ងៃ ពោលគឺថ្ងៃទី២៤-២៥ខែកុម្ភៈ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានការចូលរួមពីដៃគូពាក់ព័ន្ធមកពីខេត្តទាំង៨ រួមមាន៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពត កែប តាកែវ ព្រៃវែង និងខេត្តស្វាយរៀង និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ដោយមានការគាំទ្រពីទាំងបច្ចេកទេស និងថវិកា ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ក៏ដូចជាការរៀបចំសិក្ខាសាលារបស់យើងរយៈពេលពីរថ្ងៃនេះផងដែរ។

លោក អៀម គន្ធឌី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអនុប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា តំណាងឲ្យលោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយសុទិដ្ឋិនិយមក្រៃលែង។

លោកបន្តថា ទន្ទឹមនឹងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការជាតិជាច្រើនពាក់ព័ន្ធនឹងការលើកកម្ពស់និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួននៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជា៖ អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចនិងការជួញដូរកុមារ កុមារប្រើប្រាស់គ្រឿងញៀននិងសារធាតុញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

លោកបន្ថែមថា យោងតាមផែនការសកម្មភាពដែលបានគ្រោងទុក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនេះដោយប្រើរយៈពេល ៣៦ខែ ពោលគឺរយៈពេល០៣ឆ្នាំ។
ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការរៀបចំច្បាប់នេះមានការយឺតយ៉ាវខុសពីការរំពឹងទុក។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង និងអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកសាងសេចក្តីព្រាងច្បាប់នេះ ឱ្យសម្រេចបានតាមការរំពឹងទុក។

រយៈពេលកន្លងមកយើងបានរៀបចំកិច្ចប្រជុំ សិក្ខាសាលាបិគ្រោះយោបល់ជាច្រើនលើក ច្រើនសារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីពិនិត្យ និងផ្តល់ធាតុចូលទៅលើមាតិកា និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដោយបានធ្វើការកែសម្រួលជាបណ្តើរៗរួចខ្លះមកហើយ ដោយទីប្រឹក្សាទាំងពីររូប។ សិក្ខាសាលាពិគ្រោះយោបល់រយៈពេលពីរថ្ងៃនេះ គឺជាការបន្តពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនេះ៕