(ភ្នំពេញ)៖ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ថា ម៉ាឡេស៊ីបានសម្ដែងនូវការគាំទ្រយ៉ាងពេញលេញចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា។ នេះតាមសេចក្តីថ្លែងការណ៍រួមរវាងម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួម បានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មកលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្រ្តីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ចាំបាច់ក្នុងការធានានូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់ប្រមុខដឹកនាំអាស៊ាន (5PC) ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលជាប្រេសិតពិសេសប្រធានអាស៊ាន ប្រកាសទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ទី២ ខែមីនាខាងមុខនេះ ដោយភ្ជាប់ជាមួយបេសកកម្មជួបភាគីពាក់ព័ន្ធ និងជំនួយមនុស្សធម៌។

បើតាម លោកប្រាក់ សុខុន, សម្រាប់កម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោកខាងមុខនេះ គឺអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងចំណុចកុងសង់ស៊ីស ៥ចំណុច ដែលដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមេសាឆ្នាំមុន ដោយក្នុងនោះមានការជួបជាមួយភាគីពាក់ព័ន្ធ។

ក្នុងគម្រោងទស្សនកិច្ចនៅពាក់កណ្តាលខែក្រោយនេះ លោកមានគម្រោងស្នើជួបជាមួយ លោក មីន អោងឡាំង ស្នើជួបរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងស្នើជួបឥស្សរជនផ្សេងទៀត ដែលខាងរដ្ឋបាលទីក្រុងណៃពិដោរ នឹងសម្រួលឱ្យជួប។

លោកអះអាងថា លោកក៏គ្រោងនឹងទៅទីក្រុង យ៉ង់ហ្គូន ដើម្បីចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ហើយធ្វើយ៉ាងណាធានាថា ជំនួយដែលអាស៊ានផ្តល់ទៅមីយ៉ាន់ម៉ា បានទៅដល់អ្នកដែលត្រូវការ ហើយទីកន្លែងដទៃទៀត នឹងអាស្រ័យលើពេលវេលាជាក់ស្តែង។ លោកក៏គ្រោងជួបជាមួយអគ្គរដ្ឋទូតទាំងអស់របស់អាស៊ាន ប្រចាំនៅទីក្រុងយ៉ង់ហ្គូន ដើម្បីស្តាប់មតិយោបល់ សម្រាប់ការវាយតម្លៃអំពីស្ថានភាព និងតម្រូវការរបស់ភាគីម្ខាងៗផងដែរ៕