(កែប)៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានស្នើដល់រដ្ឋបាលខេត្តកែប និងស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ និងជួសជុលឡើងវិញ នូវរូបសំណាក «សិលាចាំប្ដី» ដែលរងការខូចខាតហើយមិនមានអ្នកណាអើរពើរ។

លោក ឆាយ សុផល ដែលបានទៅផ្ដិតយករូបភាពនេះផ្ទាល់ពីធ្វើដំណើរទៅដល់ឆ្នេរកែប បានអះអាងថា ទីកន្លែងរូបសំណាក «សិលាចាំប្ដី» នេះ គឺតែងតែមានភ្ញៀវទេសចរទស្សនា និងបានក្លាយជាទីសក្ការរបស់ពួកគាត់សម្រាប់អុជធូបផងដែរ។

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់នៅលើ Facebook នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា «គោរពជូនមន្ត្រីខេត្តកែប និងស្ថាប័នពាក់ព័ន្ធ! ជួយពិនិត្យ និងជួសជុលដៃប្រហោង និងជើងប្រេះរបស់នាងផង ហើយបើមានលទ្ធភាព ក៏ជួយដូរស្បៃឲ្យនាងដែរ! នៅមុខនាងមានជើងធូប ដូច្នេះទំនងជាទីសក្ការរបស់បងប្អូនមួយចំនួនហើយ។ ដូចជាមានចំណូលខ្លះដែរពីការយកថ្លៃរថយន្តចូលលេងនៅតំបន់នោះ។ ខ្ញុំមកកែបរាប់ភ្លេច តែព្រឹកនេះជាលើកដំបូងដែលខ្ញុំចូលមកក្បែរនាង! ខ្ញុំសម្លឹងមុខនាង ហើយនាងហាក់ដូចជាចង់ប្រាប់ខ្ញុំថា នាងឈឺចុកចាប់ដៃជើង! ដោយក្តីគោរព និងបំណងល្អ»

គួរជម្រាបថា តាមរយៈរូបភាពដែលបានចែកចាយដោយលោក ឆាយ សុផល គេមើលឃើញថា រូបសំណាក «សិលាចាំប្ដី» ដែលនៅមាត់ឆ្នេរកែបជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនេះ មានសភាពចាស់ឌ្រុតឌ្រោម ហើយមានស្នាមប្រេះផ្នែកខាងមុខត្រង់ជង្គង់ និងបាក់បែកប្រហោង នៅដៃផ្នែកខាងក្រោយផងដែរ។

យ៉ាងណាមិញ ចំពោះស្ថានភាពបែបនេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងនៅតំបន់មាត់សមុទ្រនេះ មិនគួរណាមើលរំលងទាល់តែសោះ ព្រោះកន្លែងនេះមានភ្ញៀវទេសចរទៅដល់ច្រើន ហើយក៏មានប្រភពចំណូលមកពីតំបន់នេះផងដែរ៕