(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកក្រម៉ា៥០០ និងថវិកាមួយចំនួនទៀត របស់លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី មកឧបត្ថម្ភដល់លោកស្រី រាជ ផាវឿន ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ដើម្បីឧបត្ថម្ភបន្តទៅដល់សមាជិក និងសាខាគណបក្សភូមិទាំង៦ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

សកម្មភាពសមធម៌របស់លោក ឯក ឃុនដឿន ក្នុងនាមតំណាងលោក ឃួង ស្រេង នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់មន្ត្រីគណបក្ស ក្រោយពីលោកស្រី រាជ ផាវឿន បានខិតខំប្រឹងប្រែងក្នុងការកសាងពង្រឹងពង្រីក និងប្រកាសបញ្ចូលទទួលស្គាល់ជាផ្លូវការសមាជិកគណបក្សថ្មី ចំនួន៤៥០នាក់បន្ថែមទៀត ដែលបានរៀបចំប្រព្រឹត្តឡើង នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកថ្មីបន្ថែម ទូទាំងសង្កាត់ទួលសង្កែទី១ គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕