(កំពង់ឆ្នាំង)៖ ម្ចាស់ផ្ទះសំណាក់ផ្កាយព្រឹក លោកស្រី ហេីង ទិត្យរាត្រីលក្ខណ៍ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ពីបទល្មើសប្រមូល និងធ្វើសន្និសផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

បើតាមលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញថា «លោកស្រីម្ចាស់ផ្ទះសំណាក់ ផ្កាយព្រឹក ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ពន្លាតដែនសមត្ថកិច្ច និងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការខេត្តក្រចេះ ពាក់ព័ន្ធពីបទល្មើសប្រមូលសន្និធិផល អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត»

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅ ពេលដែលកម្លាំងអាវុធហត្ថចូលឃាត់ខ្លួន លោកស្រីម្ចាស់ ផ្ទះសំណាក់ផ្កាយព្រឹកខាងលើនេះ លោកស្រីមានអាការសន្លប់ និងបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែបន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញថា សុខភាពរបស់គាត់ប្រសើរឡើងវិញហើយនោះ កម្លាំងអាវុធហត្ថ និងនាំខ្លួនគាត់យកទៅដំណើរនីតិវិធីនៅខេត្តក្រចេះជាបន្តទៀត៕