(ព្រះវិហារ)៖ មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៥ គ.ស ២០២២ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ នៅតាមបណ្តាខេត្ត-រាជធានី កំពុងតែបាននិងកំពុងរៀបចំសកម្មភាព កែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានារៀងៗខ្លួន ដើម្បីឲ្យមានភាពស្រស់ស្អាត ទាក់ទាញ ពិសេសគឺដើម្បីអបអរសារទរពិធីបុណ្យនេះ។

ដោយឡែក សម្រាប់ខេត្តព្រះវិហារនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្ត ក៏កំពុងតែមានសកម្មភាពធ្វើការជួសជុល កែលម្ព នៅតាមរង្វង់មូល សួនច្បារ និងភ្លើងបំភ្លឺពេលរាត្រី ក្នុងន័យបង្កើនសោភ័ណ្ឌភាពក្រុងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។

បើតាមការឲ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែកុម្ភៈនិងលើកទិសដៅការងារប្រចាំខែមីនាឆ្នាំ២០២២ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមការណែនាំពីលោក ប្រាក់ សុវណ្ណ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននឹងកំពុងដំណើរការធ្វើការជួសជុល កែលម្អរង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់) ដែលផ្នែកខ្លះមានការខូចខាត បាក់បែក ដោយកន្លែង ដូចជាមានការស្រុតអិដ្ឋការ៉ូឡា ស្ទះទុយោបាញ់ទឹកនិងបែកបាក់ក្បាច់ចម្លាក់ខ្លះៗជាដើម។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ឲ្យដឹងផងដែរថា រង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់)នេះ គឺបានកសាងឡើងតាំងពីឆ្នាំ២០០៧មកម្លេះ ហើយរង្វង់មូលនេះបានធ្វើការជួសជុល ២ដងរួចមកហើយ រួមទាំងការជួសជុលលើកនេះ។

លោកថា បន្ទាប់ពីរង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់) ជួសជុលកែលម្អរួចរាល់ ក្រុមការងារនឹងបន្តទៅធ្វើការជួសជុលរង្វង់ថ្មីបន្តទៀត ក្រៅពីនោះមន្ទីរសាធារណាការខេត្តក៏បានរៀបចំថែទាំតាមសួនច្បារ រៀបចំភ្លើងរាត្រីបំភ្លឺនៅពេលរាត្រីផងដែរ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕