(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួមទាំងម៉ូតូ២គ្រឿង តែមិនបានបណ្តាលឲ្យមានអ្នករងរបួសឡេីយ។

ហេតុការណ៍បានកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង អន្ដរាគមន៍សង្គ្រោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៩ឡាន។

លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលេីនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានឆេះបំផ្លាញអស់ផ្ទះ១៣ខ្នងផ្ទះ និងម៉ូតូ២គ្រឿង។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង២៖១៥នាទីទៀបភ្លឺ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕