(ព្រះសីហនុ)៖ ដោយសារតែបញ្ហាអាកាសធាតុ និងទឹករលកមានកម្ពស់ខ្ពស់ ខ្យល់កន្ដ្រាក់នោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលត្រូវធ្វើដំណើរតាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

លោក គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ដែលប្រចាំការត្រួតពិនិត្យការធ្វើដំណើរតាមផ្លូវទឹកនេះ ត្រូវពិនិត្យសម្ភារសង្គ្រោះនៅលើមធ្យោបាយនោះឲ្យបានគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យធ្វើដំណើរ ព្រោះខ្លាចក្រែងមានបញ្ហាណាមួយកើតឡើង ហើយមិនមានសម្ភារដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

អភិបាលខេត្តរូបនេះ បានសង្កត់ធ្ងន់ទៀតថា អាជ្ញាធរ និងមន្ដ្រីជំនាញ ត្រូវយកចិត្ដដាក់ឲ្យបានខ្ពស់បំផុត ក្នុងការតាមដានកម្ពស់ទឹករលក ឬខ្យល់ដែលបោកបក់ ក្នុងករណីខ្យល់ខ្លាំង ហើយរលកមានកម្ពស់ៗពេក ដែលលំបាក ឬមានហានិភ័យក្នុងការធ្វើដំណើរ ត្រូវហាមឃាត់ភ្លាមៗមិនឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរធ្វើដំណើរជាដាច់ខាត។

ដោយឡែក ពាក់ព័ន្ធប្រជានេសាទអាជ្ញាធរត្រូវជូនដំណឹងអំពីព័ត៌មាននេះ ទៅតាមសហគមន៍នេសាទ ឬក្រុមគ្រួសារប្រជានេសាទ ដើម្បីបានដំណឹងនេះបញ្ជូនទៅដល់អ្នកដែលកំពុងស្ថិតនៅលំហសមុទ្រ ឆ្នេរកោះនានា ដែលរងនូវខ្យល់ខ្លាំងនាពេលនេះ ឲ្យមានការប្រុងប្រយ័ត្ន ឬរំលិកទៅកាន់កន្លែងដែលមានសមត្ថកិច្ច។ ក្នុងនោះ អ្នកដែលមិនទាន់បានចេញដំណើរត្រូវផ្អាកមួយរយៈពេលសិន។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍នៃការជូនដំណឹងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C
* អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕