(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមមេក្លោងធំ ជួញដូរគ្រឿងញៀន ចំនួន៥នាក់ (បាញ់ស្លាប់ម្នាក់) កាលពីថ្ងៃទី២៧ ខែមេសា ចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ ខណ្ឌទួលគោក, ដោយនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីរបស់តុលាការ។

បន្ទាប់ពីសាកសួរតាំងពីព្រឹក រហូតដល់ព្រលប់ថ្ងៃទី០១ ខែឧសភានេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនត្រឡប់ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ ដោយនឹងបើកបន្តសាកសួរដោយចៅក្រម នៅថ្ងៃស្អែកជាបន្តទៀត។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រលប់ថ្ងៃអាទិត្យនេះថា តំណាងអយ្យការបានបញ្ចប់ការសួរចម្លើយ លើសំណុំរឿងគ្រឿងញៀន ដែលបញ្ជូនពីកងរាជអាវុធហត្ថរាជធានីភ្នំំពេញ ហើយសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើ៖

ទី១៖ ឈ្មោះ លី វីរៈ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទចូលរួមក្នុងក្រុមឧក្រិដ្ឋជន តាមមាត្រា៤០ និងមាត្រា៥៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងទី២៖ ឈ្មោះ ទី អៀង, ទី៣៖ ឈ្មោះ លី កុកហ៊ុយ, ទី៤៖ ឈ្មោះ ស៊ុន ដារ៉ូ និងទី៥៖ ឈ្មោះត្រាវ រិទ្ធារ៉ា ចោទប្រកាន់ពីបទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន បទចូលរួមក្នុងក្រុមឧក្រិដ្ឋជន និងបទកាន់កាប់អាវុធដោយខុសច្បាប់ តាមមាត្រា៤០ និងមាត្រា៥៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ រួចបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី។


ខាងក្រោមនេះ!​ ជាព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការបង្ក្រាបមេក្លោងធំ ជួញដូរគ្រឿងញៀន ព្រមទាំងសាវតា និងសកម្មភាពជួញដូរដ៏សាហាវ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទម្លាយឲ្យដឹង៖

(ភ្នំពេញ)៖ ក្រោយពេលរៀបចំពិធីបុណ្យសពលោកវរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទម្លាយព័ត៌មានលម្អិតដល់អង្គភាពព័ត៌មាន Fresh News ស្តីពីប្រតិបត្តិការបង្ក្រាបមេក្លោងធំ ជួញដូរគ្រឿងញៀន ព្រមទាំងសាវតា និងសកម្មភាពជួញដូររបស់ពួកវាដូចខាងក្រោម៖

* តាមការចង្អុលបង្ហាញរបស់ឈ្មោះ លី វីរៈ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបសំបុកមេក្លោងធំជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈពេលប្រតិបត្តិការណ៍ ជនល្មើសបានបាញ់ប្រហារមកលើ សមត្ថកិច្ចអាវុធហត្ថត្រូវរបួសម្នាក់ ធ្វើឲ្យមានការបន្ថែមកម្លាំងអាវុធហត្ថ និងមានការចូលរួមសហការណ៍ពីកម្លាំងនគរបាល ទៅហ៊ុំព័ទ្ធកន្លែងកើតហេតុ ដោយមានការបាញ់តបតគ្នា ជាច្រើនរយគ្រាប់ កក្រើករាជធានីភ្នំពេញ។

ជាលទ្ធផលបណ្តាលឱ្យអាវុធហត្ថម្នាក់ ដែលរបួសត្រូវបានពលីពេលទៅដល់មន្ទីរពេទ្យ និងងាប់ជនល្មើសម្នាក់នៅនឹងកន្លែង ឃាត់ខ្លួនជនសង្ស័យ សរុបបាន០៥នាក់ ដកហូតអាវុធជនល្មើសបាន០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែង០១ដើម) រថយន្ត០២គ្រឿង ម៉ូតូ០៤គ្រឿង ជនល្មើសបានចាក់បំផ្លាញថ្នាំញៀនចោល ចូលទៅក្នុងបង្គន់ និងដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួនទៀត។

* ជនល្មើសដែលងាប់ មានឈ្មោះថា លឹម តេង ឈ្មោះដើម លឹម គឹមតេង គឺជាមេក្លោងធំ ក្នុងការជួញដូរគ្រឿងញៀន និងធ្លាប់ជាប់គុករយៈពេល១ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែក០៥នាក់ទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនរួមមាន ១៖ឈ្មោះ លឹម កុកហ៊ុយ ហៅប៉ាហ្គិច ជាពូថ្លៃរបស់មេក្លោងធំដែលងាប់, ២៖ឈ្មោះ ទី អៀង ជាបងថ្លៃរបស់មេងក្លោងធំដែលងាប់, 3-ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ជាបក្ខពួក, ៤៖ ឈ្មោះ ត្រាវ រិទ្ធារ៉ា ជាបក្ខពួក, ៥៖ ឈ្មោះ លី វីរៈ ជាបក្ខពួក។ ក្រុមទាំងអស់នេះ មានមុខរបរជួញដូរគ្រឿងញៀន ក្រោមរូមភាពធ្វើទាខ្វៃ ដែលមានយីហោរ លី កុកហ៊ុយ ដើម្បីបិទបាំងរបរជួញដូរគ្រឿងញៀនរបស់ខ្លួន។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចសន្និដ្ឋានថា ក្រុមនេះអាចមានការចរាចរណ៍គ្រឿងញៀន ពីកន្លែង១ទៅកន្លែង១ តាមរយៈការលាក់គ្រឿងញៀនក្នុងទាខ្វៃផងដែរ។


អំពីសាវតារបស់មេក្លោងធំជួញដូរគ្រឿងញៀន លឹម គឹមតេង៖

* មុនឆ្នាំ២០០៧ ឈ្មោះ លឹម គឹមតេង គឺជាកូនជឹង និងជាមនុស្សជំនិត របស់មេក្លោងផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ឈ្មោះ ឡាំ ប៊ុនខេង (បច្ចុប្បន្ន ឡាំ ប៊ុនខេង បាននិងកំពុងជាប់ក្នុងពន្ធនាគារ PJ ) ដោយជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀន ហើយត្រូវបានការិយាល័យ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអ្នកបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៧ និងចាប់យកបានវត្ថុតាង ជាច្រើនរួមមាន ម៉ាស៊ីនផលិតគ្រឿងញៀន ព្រមទាំងថ្នាំញៀន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន និងវត្ថុតាងផ្សេងៗជាច្រើនទៀត ។ បន្ទាប់ពី ឡាំ ប៊ុនខេង ជាប់គុកទៅ គឺឧក្រិដ្ឋជន លឹម គឹមតេង ចាប់ផ្តើមដើរតួនាទីជំនួស ឡាំ ប៊ុនខេង ម្តង ដោយធ្វើការជួញដូរថ្នាំញៀនយ៉ាងពេញបន្ទុក រហូតដល់ថ្ងៃដែលសមត្ថកិច្ចនគរបាលខណ្ឌចំការមនចាប់ខ្លួន បញ្ជូនទៅគុកព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ និងដោះលែងវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំ។

* ក្នុងអំឡុងពេលជាប់គុក ឧក្រិដ្ឋជន លឹម គឹមតេង វាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយ និងអាលាង ជនជាតិវៀតណាម ជាទណ្ឌិត ដែលអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃើញថា ជាក្រុមមេក្លោងជាមួយជនជាតិនីហ្សេរីយ៉ា ក្នុងការចាត់ចែងបញ្ជាលក់ទិញថ្នាំញៀន ពីក្នុងពន្ធនាគារមកខាងក្រៅ។ តាមចម្លើយរបស់ លី វីរៈ ក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទឆក់ខ្សែក ដោយឃុំខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ឃុំខ្លួនអាគារ A4 ជាមួយ លឹម គឹមតេង ហើយបានស្គាល់គ្នា។ លី វីរៈ ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ។

* ក្រោយពេលចេញពីពន្ធនាគារ លី វីរៈ បានស្កាត់ទៅជួបឧក្រិដ្ឋជន លឹម គឹមតេង ដើម្បីសុំធ្វើការជាមួយ។ ឧក្រិដ្ឋជន លឹម គឹមតេង បានបន្តមុខរបរ ចាស់របស់ខ្លួន គឺជួញដូរគ្រឿងញៀនដដែល ហើយធ្វើរឹតតែធំជាងមុន និងឆ្លាតជាងមុន សូម្បីតែសំបុករបស់វា មានរបងបិទជិតកំពស់ជិត៤ម៉ែត្រ ចិញ្ចឹមឆ្កែប៊ែកសេដាក់ទ្រុងនៅមុខផ្ទះក្រៅរបង ចាប់កាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះ និងយករបរខ្វៃទាលក់ បំភាន់ភ្នែកមហាជនក៏ដូចជាសមត្ថកិច្ច តែជាក់ស្តែងក្រុមវាខ្វៃទា ត្រឹមតែ១០ ទៅ១៤ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ។

ជាចុងក្រោយ ចំពោះជនសង្ស័យទាំង៥ ត្រូវបានបញ្ជូនទៅតុលាការ នៅពីព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០១៦នេះ ហើយតំណាងអយ្យការបានសម្រេចចោទប្រកាន់ និងបន្តសាកសួរនៅចៅក្រមស៊ើបសួរ នាព្រឹកថ្ងៃទី០២ ខែឧសភា ជាបន្តទៀត៕