(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នាវេលាម៉ោងប្រមាណ៧៖៤៥នាទីយប់ថ្ងៃអាទិត្យនេះឲ្យដឹងថា ព្រះរាជអាជ្ញាសម្រេចបញ្ជូន មន្រ្តីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥នាក់ទៅកាន់ ACU វិញ និងបន្តសាកសួរនៅថ្ងៃស្អែកទៀត។

ការសាកសួរមន្រ្តីសង្គមស៊ីវិលទាំង៥នាក់នេះ ធ្វើឡើងពេញមួយថ្ងៃតែម្តង ដោយចាប់ផ្តើមទាំងពីព្រឹក រហូតដល់ពេលនះ (ម៉ោងប្រមាណ៧៖៤៥នាទី)។

ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុជាតិ បានរាយការណ៍ថា នាអំឡុងពេលព្រះរាជអាជ្ញា បានសួរនាំមន្រ្តីទាំងនេះ នៅខាងក្រៅរបងតុលាការវិញ មានការជួបជុំ និងការតវ៉ា ពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតិ ពួកគេផងដែរ។ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចបានបិទបារ៉ាក់ ហើយដាក់កម្លាំងការពារយ៉ាងរឹងបំផុត។

មន្រ្តីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប មួយរូប។

សូមបញ្ជាក់ថា កាលចុងសប្តាហ៍មុន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀប​រាប់អំពីរឿងរ៉ាវ​ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហា​ស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃផងដែរ៕