(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្តាលព័ត៌មាន Fresh News (FTC) បានលើកឡើងថា លោកនឹងខិតខំបង្រៀនសិស្សអំពីជំនាញវិជ្ជាជីវៈសារព័ត៌មានដូចអ្វីដែលលោកទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស ប៉ុន្តែការយកទៅអនុវត្តបែបណានោះ គឺជាជម្រើសរបស់សិស្សម្នាក់ៗ ហើយអាស្រ័យទៅលើគោលការណ៍នៃអង្គភាពរបស់ពួកគេ។

ថ្លែងទៅកាន់សិក្ខាកាម នៅក្នុងវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មាន កាលពីចុងសប្តាហ៍ទី៣ កន្លងទៅនេះ លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំជាអ្នកបង្រៀនសិស្ស ខ្ញុំបង្រៀននូវវិជ្ជាជីវៈដែលអ្នកសារព័ត៌មានត្រូវធ្វើ ហើយជាចំណេះដឹងខ្ញុំធ្លាប់បានរៀននៅអាមេរិក។ តែបើសិស្សយកទៅកែច្នៃបែបណា នោះជារឿងរបស់សិស្ស។ តែខុសគ្នាត្រង់ថា បើយើងចេះពីវិជ្ជាជីវៈច្បាស់ហើយ មុនយើងសម្រេចធ្វើអ្វីក៏នៅតែឆ្លងកាត់ការគិត ឬតាមបែបបទវិជ្ជាជីវៈដដែល»។

វគ្គបណ្តុះបណ្តាលព័ត៌មាន ជំនាន់ទី២ នៅមជ្ឈមណ្ឌលបណ្ដុះបណ្តាលព័ត៌មាន Fresh News បានធ្វើឡើងរយៈពេលប្រមាណ៣សប្តាហ៍មកហើយ ដោយមានដំណើរការយ៉ាងរលូន ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចជាវាស់កំដៅ ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតជាដើម។

វគ្គសិក្សារបស់ FTC នៅសប្ដាហ៍ទី៣នេះ បានឈានដល់ការកំណត់ប្រភព និងតុល្យភាពនៃសារព័ត៌មានហើយ។ ក្នុងនាមជាអ្នកជំនាញក្នុងវិស័យសាព័ត៌មានជាង៣០ឆ្នាំមកហើយ លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ទៅកាន់សិស្ស ឲ្យយល់កាន់តែច្បាស់ អំពីការកំណត់ប្រភពព័ត៌មាន ដែលនាំឲ្យការសរសេរព័ត៌មានបានច្បាស់លាស់។ ខណៈដែលការកំណត់តុល្យភាពព័ត៌មាន គឺអាចនាំឲ្យអត្ថបទព័ត៌មានបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិជ្ជាជីវៈ។

ពីមួយចំណុចទៅមួយចំណុចព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ តែងតែព្យាយាមបង្ហាត់បង្ហាញដល់សិស្សឲ្យស្គាល់ច្បាស់អំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន និងយល់អំពីការគោរពសិទ្ធិរបស់ប្រភព និងសិទ្ធិរបស់អ្នកដទៃ ដែលមិនមែនអាងខ្លួនជាអ្នកព័ត៌មាន ហើយទៅរំលោភដល់សិទ្ធិ និងឯកជនភាពរបស់អ្នកដទៃឡើយ។

លោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) គឺជាជនជាតិខ្មែរដែលបានបញ្ចប់ការសិក្សាអំពីវិជ្ជាជីវៈសារព័ត៌មាននៅសហរដ្ឋអាមេរិក។ ដោយលោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចំនួន២ គឺសកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland។

ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣ទសវត្សរ៍ រូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ។ មិនតែប៉ុណ្ណោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជាផងដែរ៕