(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការរាយការណ៍ពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ជាពិសេសក្នុងដំណាក់វិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាពក្នុងការបង្កើតការអប់រំឌីជីថល។

ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីសមិទ្ធផលធំៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការអប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការរៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះផងដែរ។

ជាមួយនឹងសមិទ្ធផលខាងលើ លោករដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទាំងអស់ដែលបានចូលរួមសហការគ្នា រួមគ្នាដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។

លោកបានលើកឡើងថា៖ «បើគ្មានកូវីដ-១៩ ប្រហែលក្រសួងមិនអាចទាន់ឈានដល់ការអនុវត្តការរៀន និងបង្រៀនតាមបែបឌីជីថលនៅឡើយ។ ចាប់ផ្តើមពីការឯកភាពគ្នា លោកគ្រូអ្នកគ្រូជំនាញ របស់យើងបានសហការ និងសុខចិត្តធ្វើការបង្រៀនដោយមិនយកម្រៃ ដែលអនុញ្ញាតឲ្យក្រសួង អាចដំណើរការការអប់រំតាមបែបឌីជីថលបាន»។

លោក ហង់ជួន ណារ៉ុន បានបន្តថា ជាក់ស្តែង លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីប្រសិទ្ធភាពនៃការបង្រៀនតាមបែបឌីជីថល គុណភាពនៃការរៀនពីចំម្ងាយរបស់សិស្ស និងខិចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស ក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ៕