(ត្បូងឃ្មុំ)៖ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោក ពាង ណារិទ្ធ អភិបាលរងខេត្តំណាងអភិបាលខេត្ត លោក ឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ហេង ឡុង អគ្គនាយកចំការបឹងកេត, ឧកញ៉ា សូ សេត និងឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង ឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បើតាមឧកញ៉ា សុខ ហ៊ាង បានឱ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានប្រធាន១រូប អនុប្រធាន៨រូប មានអគារផ្ទាល់ដីទំហំ ១៦ម៉ែត្រ គុណ២០ម៉ែត្រ ចែកចេញជា០៤បន្ទប់ ក្នុងនោះមានសាលប្រជុំធំ សាលកណ្តាល បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ព្រមទាំងប្រព័ន្ធទឹកស្រោចស្រពដើមធ្នង់ និងដើមផ្កានានាលម្អលើកសម្រស់អគារ។

ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញអោយសភាពាណិជ្ជកម្មសាងសង់អគារលេខាធិការដ្ឋានរបស់ខ្លួន ឧកញ៉ា សូ សេត បានផ្តល់នូវដី១,២៥២ម៉ែត្រការ៉េ និងឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកចំការកៅស៊ូបឹងកេត ឧបត្ថម្ភនូវទឹកប្រាក់ ចំនួន ៧,០០០ដុល្លារ សម្រាប់សាងសង់អគារ ព្រមទាំងការចូលរួមឧបត្ថម្ភទាំងថវិកា កម្លាំងកាយចិត្តពីឧកញ៉ាដែលជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ។

លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អគារសភាពាណិជ្ជកម្មនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្ត និងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន ដើម្បីមានលទ្ធភាពចូលរួមលើការវិនិយោគ ការប្រកបមុខរបរ និងសកម្មភាពសេដ្ឋកិច្ច សង្គមដទៃទៀត ដើម្បីធ្វើឱ្យខេត្តត្បូងឃ្មុំ ប្រែក្លាយតំបន់ទីរួមខេត្តនេះ ទៅជាមជ្ឈមណ្ឌល រដ្ឋបាលប្រមូលផ្តុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអប់រំកសាងបណ្តុះបណ្តាលធនធានមនុស្ស។

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ទាំងទីតាំង និងអគារផុសចេញជារូបរាងឡើង។

ក្នុងឱកាសនោះលោក បួន សារៈមុនី បានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងថា «វិស័យឯកជនជាក្បាលម៉ាសុីន និងជាកម្លាំងចលករចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជា» អ្វីដែលសំខាន់ជាងនះទៅទៀត គឺកត្តាសុខសន្តិភាព ជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះទៀត លោកបញ្ជាក់ថា ថ្មីៗនេះកត្តាដែលកម្ពុជាជោគជ័យបំផុតនោះ គឺកត្តាការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាបើកប្រទេសបានមុនគេ ធ្វើឱ្យទ្វារសេដ្ឋកិច្ចបើកជំហរនឹងកើនឡើងដូចគ្នា។

លោករដ្ឋលេខាធិការ ក៏បានសំណូមពរឱ្យសភាណិជ្ជកម្មខេត្តបន្តថែរក្សាអគារឱ្យបានល្អគង់វង្ស និងបន្តប្រមូលកសាងសមាជិកសមាជិកា សភាពាណិជ្ជកម្ម គៀងគរដៃគូរអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត៕