(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងបន្តការអនុវត្តវិធានការច្បាប់ លើក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលនៅរឹងរូសមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការកំណត់ឱ្យមកយកសំណាក បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ បានធ្វើការប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ៦៤នាក់ នៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ជាលទ្ធផលមានបាតុករចំនួន ០២នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនអ្នកវិជ្ជមានទាំងពីរនាក់នោះទៅមណ្ឌលព្យាបាល ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់បន្តទៀត ព្រមទាំងបានអនុញ្ញាតឱ្យអ្នកដទៃទៀតត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញដើម្បីបន្តការតាមដានសុខភាព និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។

ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករទាំងនេះនៅតែបំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ ដោយប្រកាសបង្ហាញឆន្ទៈយ៉ាងជំហរ កៀរគរតាមរយៈបណ្តាញសង្គម និងមធ្យោបាយផ្សេងៗទៀត ឱ្យមកចូលរួមប្រមូលផ្តុំគ្នាដោយមិនខ្វល់ពីវិធានសុខាភិបាលនៅពេលដែលការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមក្រុង ក្នុងសហគមន៍ ដែលមានអត្រាឆ្លងដល់លេខបីខ្ទង់។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករចំនួន ៣៩នាក់ បានធ្វើការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយវិថីសុធារស មុខសាកលវិទ្យាល័យបៀលប្រាយ។

ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមបាតុករដែលមានចរិតចចេសរឹងរូស នៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មដែលមិនអនុវត្តតាមវិធានសុខាភិបាលបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមបាតុករទាំង៣៩នាក់ ទៅមណ្ឌចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល ព្រមទាំងសម្រេចចិត្តលែងធ្វើការអប់រំតទៅទៀត ហើយអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្របតាមអនុក្រឹត្យលេខ ២៧ អនក្រ.បកចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យមានការរាងចាល។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដទៃទៀត ឱ្យបញ្ឈប់រាល់សកម្មភាពប្រមូលផ្តុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕

ខាងក្រោមនេះជាសេក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖