(ភ្នំពេញ)៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានប្តេជ្ញាខិតខំជំរុញឱ្យសមាជិក-សមាជិការបស់សាមគមខ្លួនក្លាយជាកម្លាំងស្នូល និងជាកម្លាំងចលរកមួយដ៏មានអានុភាពជួយពង្រឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំអភិវឌ្ឍឱ្យវិនិយោគិនកម្ពុជាមានចំណេះដឹង វិជ្ជាជីវៈ បូករួមនឹងក្រមសីលធម៌។

ការប្រកាសប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកសកម្មនៃសមាគមនសហព័ន្ធវិនិយោគិនកម្ពុជាចំនួន១២២នាក់បន្ថែមទៀត នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក។

លោក ឡី សុភាព បានលើកឡើងថា ដើម្បីឱ្យវិនិយោគិនកម្ពុជាឡើងដល់តម្លៃមួយខ្ពស់ គឺតម្លៃដែលមានចំណេះដឹង មានវិជ្ជាជីវៈ សមាគមសហព័ន្ធវិនិយោគិនកម្ពុជានឹងរៀបចំឱ្យវិនិយោគិនទាំងអស់ឱ្យមាននូវអំណាចផ្ទាល់ខ្លួន ឱ្យយល់ពីរបៀបរបបរស់នៅ ឱ្យយល់ពីរបៀបរបបការងារនិងមុខរបរ និងឱ្យយល់ពីរបៀបរបបទំនាក់ទំនងក្នុងសង្គមជាតិ។

លោកបានបន្តថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជានឹងត្រូវធ្វើរបាយការណ៍ដាក់ជូនទៅគ្រប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ និងបណ្តាអង្គទូតនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវិនិយោគជាមួយវិនិយោគិនក្នុងស្រុក ដែលជាសមាជិក-សមាជិកានៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា។

ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជារូបនេះបានសង្គត់ធ្ងន់ថា វិនិយោគិនត្រូវបានចាត់ថ្នាក់ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំ ដែលមិនអាចខ្វះបាននៅគ្រប់បណ្តាប្រទេសទូទាំងសកលលោក។ ដូច្នេះសមាជិក-សមាជិកាវិនិយោគិនកម្ពុជាត្រូវបង្កើតឱ្យមានរចនាសម្ពន្ធចាត់តាំងច្បាស់លាស់ តាមរយៈអំណាចប្រមូលផ្តុំកម្លាំងទៅតាមរចនាសម្ពន្ធចាត់តាំងនីមួយៗ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។

ទោះជាយ៉ាងណា លោកប្រធាន ឡី សុភាព ក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់គុណតម្លៃវិនិយោគិនអាចធ្វើទៅរួចបាន លុះត្រាតែវិនិយោគិនខ្លួនឯងផ្ទាល់ត្រូវតែមានក្រមសីលធម៌ និងវិជ្ជាជីវៈប្រកបទៅដោយព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា និងត្រូវមានធាតុផ្សំ៥ចំណុច រួមមាន៖ ទី១. ត្រូវចេះកសាងកម្លាំង រស់នៅបែបសមូហភាព, ទី២. ត្រូវចេះប្រើប្រាស់មនុស្ស, ទី៣. ត្រូវចេះប្រើប្រាស់ថវិកា, ទី៤. ត្រូវមានភាពរឹងមាំក្នុងកិច្ចការងារនិងមុខរបរ និងទី៥. ត្រូវចេះអភិវឌ្ឍខ្លួនជានិច្ច៕