(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរវាងគណៈកម្មការទី៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានលើកទឹកចិត្តឲ្យសាធារណជនជាប្រជាពលរដ្ឋគ្រប់ៗរូប ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការកើតឡើងនៃអត្រាឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

លោកបានលើកឡើងថា «កត្តាកំណត់អត្រានៃការឆ្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នរបស់យើងម្នាក់ៗ»។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកក៏បានធ្វើការកត់សម្គាល់នូវដំណាក់កាលជាច្រើនដែលវិស័យអប់រំបានឆ្លងកាត់ក្នុងបរិបទកូវីដ១៩ ចាប់តាំងពីការបិទខ្ទប់ក្នុងអំឡុងនៃការរីករាលដាលដំបូង រហូតមកដល់ការសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលបានអនុញ្ញាតឲ្យសិស្សអាចវិលត្រឡប់ទៅរៀនដោយផ្ទាល់នៅសាលារៀនវិញបាន។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បង្ហាញពីការយកចិត្តទុកដាក់នូវកង្វល់នានារបស់សាធារណជន ជុំវិញការវិវត្តនៃវិស័យអប់រំកម្ពុជា ហើយលោកបានសំណូមពរអោយប្រជាពលរដ្ឋគ្រប់ៗរូប បន្តការជឿជាក់លើរាជរដ្ឋាភិបាល លើក្រសួងអប់រំ យុវជន និងកីឡា លើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ហើយជាពិសេសលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងពុះពារលៈបង់ ដោយមិនគិតពីសុវត្ថិភាពសុខភាពខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្អូនៗសិស្សនុសិស្សមានឱកាសបានបន្តការសិក្សារៀនសូត្រ ក្រៀបយកចំណេះដឹង បង្កើនសមត្ថភាពឆ្ពោះទៅភាពជោគជ័យនាថ្ងៃអនាគត នាំកត្តិយសជូនគ្រួសារ និងប្រទេសជាតិ។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២៕