(ភ្នំពេញ)៖ តាមការចាត់តាំងរបស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក វង្សី វិស្សុត បានដឹកនាំដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចំនួន០២ គឺ: (១)-កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានបូក៣លើកទី១៩ (19th AFMGM+3) និង (២)-កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៦ នៅទីក្រុងហ្វ្រែងហ្វើត ប្រទេសអាឡឺម៉ង់។
 
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី១៩នេះ នឹងធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយោបល់ លើប្រធានបទមួយចំនួនដូចជា៖ ១-អំពីស្ថានការណ៍ និងការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងទស្សនៈវិស័យសេដ្ឋកិច្ចទៅថ្ងៃមុខ ២-ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសអាស៊ានបូក ៣ និង ៣-ការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែកចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB លើកទី៤៩ នៅក្នុងឆ្នាំ២០១៦នេះ នឹងធ្វើការពិនិត្យលើលទ្ធផលការងារ របស់ធនាគារនៅក្នុងឆ្នាំ២០១៥ ក៏ដូចជាកិច្ចការមួយចំនួនទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការរបស់ធនាគារ ដើម្បីផ្តល់ការឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍របស់ប្រទេសជាសមាជិក។

តាមកម្មវិធីក្រៅពីការថ្លែងសុន្ទរកថា ទៅកាន់កិច្ចប្រជុំប្រចាំលើកទី៤៩ លោក វង្សី វិស្សុត ក៏នឹងធ្វើការពិភាក្សាការងារដាច់ ដោយឡែកជាមួយលោក Takehiko Nakao ប្រធាន ADB, លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB), និងលោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)ផងដែរ៕