(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍ ដោយមានការចូលរួមពីតំណាងការិយាល័យសិ្ថតិ នៃក្រសួងផែនការ និងតំណាងមន្ទីរផែនការ រាជធានីភ្នំពេញ មន្ត្រីបម្រុង សិក្ខាកាម និងតាមបណ្ដាសង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ចំនួន៤៤រូប ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស៊ូ សោគន្ធ បានថ្លែងថា វគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ធ្វើឡើងសម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍នេះ ក្នុងគោលបំណងចុះប្រតិបត្តិការប្រមូលទិន្នន័យនៅមូលដ្ឋានអង្គភាពអាជីវកម្ម សហគ្រាសធ្វើ សកម្មភាព ផលិតកម្ម និងសេវា ស្ថិតក្នុងអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងអាជីវកម្មដទៃទៀត ដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិ នៃវិស័យសេដ្ឋកិច្ច ដែលមានលក្ខណៈ ស្រដៀងនឹងការធ្វើជំរឿនប្រជាជនផងដែរ ដោយមន្ត្រីនឹងសម្ភាសគ្រប់អង្គភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ដែលមានមុខរបរជាក់លាក់ ដូចជាការលក់ដូរ ទាំងតូចនិងធំ មានទីតាំងច្បាស់លាស់ និងមានការចុះបញ្ជីរួចរាល់៕