(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានមិននិយាយជាមួយ អ្នកដែលព្យាយាមសម្របសម្រួលឱ្យសម្តេច សន្ទនាជាមួយមេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ទោះបីជាអ្នកនោះជាជនជាតិខ្មែរ ឬបរទេសក៏ដោយ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នរណាក៏ដោយ ខ្មែរក៏ដោយបរទេសក៏ដោយ សូមកុំមកនិយាយជាមួយខ្ញុំ ចលនាឱ្យខ្ញុំបង្រួបបង្រួមជាមួយអាក្រុមដែលប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំឱ្យសោះ ហើយបើនិយាយដល់កន្លែងហ្នឹងហើយ ខ្ញុំមានតែអរគុណដែលខ្ញុំបានស្តាប់ រួចហើយគោរពលាគ្នាតែប៉ុណ្ណឹង»

មុនមានការព្រមានបែបនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់ក្រុមប្រឆាំងក្រៅច្បាប់ទៅលើកូន និងប្រពន្ធរបស់សម្តេច។ សម្តេចបានលើកឡើងអំពីការប្រមាថរបស់ លោក សម រង្ស៉ី ចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលថាជាកូនរបស់មេដឹកនាំវៀតណាម និងប្រមាថថា ការទទួលសញ្ញាបត្រនៅសាលា West Point និងសាលាជាន់ខ្ពស់ដទៃទៀត ជាសញ្ញាបត្រកិត្តិយស។

សម្តេចបានលើកឡើងថា៖ «យើងជាឪពុក យើងជាប្តី យើងមិនអាចទទួលការប្រមាថថា ប្រពន្ធយើងជាប្រពន្ធរបស់អ្នកដទៃ កូនរបស់យើងជាកូនរបស់អ្នកដទៃ ហើយ(ថា)ជាជាតិសាសន៍ទៅទៀត អញ្ចឹងខ្ញុំនឹងអន់ជាងតិរច្ឆានទៅទៀត បើសិនជាខ្ញុំសន្ទនាជាមួយ បែបនេះ»

សម្តេចបានបន្តថា កន្លងទៅដែលសម្តេចបានសន្ទនាជាមួយនឹង មេដឹកនាំក្រុមប្រឆាំងនោះ ក៏ព្រោះតែពួកគេមិនទាន់បានប្រមាថដល់រឿងនេះ ដោយសម្តេចបញ្ជាក់ថា៖ «ប៉ុន្តែបើបានធ្វើរឿងនេះហើយបានន័យថាសភាពការហួសហើយ»

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ហើយអ្នកឯងចាំផ្តួលទៅ សូមអញ្ជើញ មានអាធុនណាចូលមកចាប់ហ៊ុនសែន តាំងពីពេលណា ម៉េចមិនមកចាប់ មកប្រឹងចាប់បន្តិចទៅ ម៉ែអើយ នៅស្រុកខ្មែរនេះសោះអត់ទាំងហ៊ានផង ឯងរត់ទៅនៅក្រៅប្រទេសហើយ ចង់មកចាប់ហ៊ុន សែន ឱ្យប្រជាជនឱ្យកងទ័ពមកចាប់ហ៊ុន សែន ក្នុងពេលដែលគេកំពុងតែគ្រប់គ្រង ស៊ីចុកបុកទំពារជាមួយពលរដ្ឋ របស់គេនៅទីនេះ»