(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចធ្វើអំពើអាក្រក់ សម្តេចនឹងមិនគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីឡើយ។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ដោយរំលឹកឡើងវិញអំពីការគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃអនាគត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយនៅមិនយូរប៉ុន្មាន សម្តេចក៏នឹងក្លាយទៅជាឪពុករបស់នាយករដ្ឋមន្រ្តីម្តង ហើយបន្ថែមពីនេះសម្តេចក៏បានដាក់បញ្ញត្តិសម្រាប់ចៅ របស់សម្តេចថា ២០ឆ្នាំក្រោយត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្រ្តី ពេលនោះសម្តេចក៏នឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តីថែមទៀត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងអ្វីកូនគេធ្វើបាន អ្នកដទៃធ្វើបាន កូនខ្ញុំទទួលបានការបណ្តុះបណ្តាលប៉ុណ្នឹងធ្វើមិនបាន ប៉ុន្តែខ្ញុំសូមបញ្ជាក់ប្រសិនបើកូនខ្ញុំ ធ្វើអំពើអាក្រក់ ខ្ញុំមិនអាចគាំទ្រវាបានទេនិយាយឱ្យច្បាស់ ខ្ញុំមិនអាចឱ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឱ្យប្រជាពលរដ្ឋ ត្រូវបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ការបោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ដែលបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។

ក្នុងពិធីនេះដដែលនេះ សម្តេចតេជោ បានលើកឡើងថា កន្លងទៅសម្តេចមិនដែលបង្អាប់កូននរណាម្នាក់ទេ ទោះបីជាមានការវាយប្រហារលើកូនរបស់សម្តេច រឿងរៀននៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

សម្តេចតេជោ បានលើកឡើងទៀតថា ការវាយប្រហារទៅលើ លោក ហ៊ុន ម៉ាណែត ពីសំណាក់មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ គឺជារឿងដ៏ខុសឆ្គង ដែលធ្វើឲ្យមានការនិន្ទាថា «អានេះសូម្បីតែកូនក្មេងក៏វាមិនលើកលែង»

សម្តេចបានព្រមានអំពីការរុញទូកបណ្តោយទឹកចំពោះករណីអ្នកនយោបាយចាស់វាយប្រហារលើអ្នកនយោបាយក្មេងខ្ចីផងដែរ៕