(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងពីការចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ និងដូសជំរុញដល់កុមារអាយុពី៦ឆ្នាំ ទៅក្រោម១២ឆ្នាំ ចាបពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ សម្រាប់កុមារអាយុឆ្នាំ ទៅក្រោម៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា នៅតាមទីតាំងចំនួន២២ ទាំង១២ក្រុង-ស្រុក ដូចមានក្នុងសេចក្ដីជូនដំណឹង។

យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង៨ ព្រឹក ដល់ម៉ោង១១និង៣០នាទី ថ្ងៃត្រង់ និងពីម៉ោង ១៤ រសៀល ដល់ម៉ោង ១៦និង៣០នាទី ដោយមិនមានថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឡើយ។

បន្ថែមពីនេះ អាណាព្យាបាលត្រូវយកកាតចាក់វ៉ាក់សាំងទៅជាមួយជាចាំបាច់ ហើយកុមារដែលអាយុ៣ឆ្នាំ ទៅក្រោម៥ឆ្នាំ ត្រូវយកសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងឯកសារពាក់ព័ន្ធនានា។ ហើយយុទ្ធនាការនេះ ត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលជាចាំបាច់៕