(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនមាតា ទារក ដែលទើបសម្រាលកូនតូច ចំនួន ៦៩នាក់ នៅស្រុកស្វាយលើ និងពន្ធនាគារខេត្ត ២១នាក់ផងដែរ។

ថ្លែងក្នុងឱកាសសំណេះសំណាល និងចែកអំណោយនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៅស្រុកស្វាយលើ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសការសម្រាលកូននៅក្នុងមណ្ឌលសុខភាព ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។

លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងបានលើកនូវការណែនាំមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗគ្រប់រូប ជាពិសេសស្ត្រីមានគភ៌ទាំងអស់ ត្រូវទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមណ្ឌលសុខភាព មន្ទីរពេទ្យមានជំនាញ និងបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូន ទាំងមាតា និងទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង ១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ។ នៅពេលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារក នៃជំងឺរលាកផ្លូវដង្ហើម រាក និងជំងឺឆ្លង ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើមី្បធ្វើការព្យាបាលជាបន្ទាន់។

លោកស្រី ក៏បានលើកនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដោយផ្តោតសំខាន់លើការ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកំពុងបន្តចាក់ដូសជម្រុញ ពង្រឹងការអនុវត្តវិធានការសុខាភិបាល។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្តស្រី្តឱ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយ ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ ដោយបន្ថែមនូវអាហារឧបត្ថម្ភផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានចែកជូនដល់ស្ត្រីកូនតូចៗទាំងពីរកន្លែងចំនួន៩០នាក់ ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ កន្សែងពោះ១ ក្រម៉ា១ មី ១កេស ត្រីខ ១យួរ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡូក្រាម ខោអាវទារក ១កំប្លេរ ស្រោមដៃ ស្រោមជើង ១គូ ម៉ាស់ ១០បន្ទះ ជែល ១ដប និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕