(កំពង់ឆ្នាំង)៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២២នេះ មន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង កំពុងអនុវត្តគម្រោងជួសជុលផ្លូវ ក្រាលកៅស៊ូ២ជាន់ ( DB ST) មានបណ្ដោយប្រវែង២,៨៣០ម៉ែត្រ ទទឹង៨ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មសង្ខាង (ម្ខាង១ម) លើកំណាត់ផ្លូវជាតិលេខ៥៣ នៅចន្លោះគីឡូម៉ែត្រលេខ០២+១៧០ ដល់គីឡូម៉ែត្រលេខ០៥+០០០ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់នឹងព្រំប្រទល់ក្រុងកំពង់ឆ្នាំង ដោយចំណាយថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ។

ប្រធានមន្ទីរបានបញ្ជាក់ថា ការជួសជុលកំណាត់ផ្លូវខាងលើនេះត្រូវការពង្រីកទទឹងផ្លូវឱ្យធំជាងផ្លូវចាស់ផងដែរ ដោយតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវចូលរួមបង្ខិតរបងលំនៅឋានមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ លោក ឆាយ លាភា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ ដែលកំពុងជួសជុលខាងលើនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ ដោយសូមបើកបរយានយន្តគ្រប់ប្រភេទដោយប្រុងប្រយ័ត្នក្នុងពេលឆ្លងកែបការដ្ឋានជួសជុលផ្លូវខាងលើ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុនានា ដែលអាចនឹងកើតមានឡើងដោយការធ្វេសប្រហែស៕