(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស៉ីប៊ីស៉ី (CBC) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាការរួមបញ្ចូលគ្នាថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក រវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងភាគីទាំងពីរ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ គឺដើម្បី ផ្ដល់ឱកាសដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ CBC បានសម្រេចឧបត្ថម្ភទឹកប្រាក់ចំនួន ៨ម៉ឺនដុល្លារ សម្រាប់ថ្លៃសិក្សារយៈពេល ៤ឆ្នាំ ដល់និស្សិត ចំនួន ៨នាក់ ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ នៅ RUPP ។

RUPP កំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេស ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ «អាហារូបករណ៍ CBC Data Science and Engineering» នឹងបើកជូននិស្សិតកម្ពុជាចំនួន ២នាក់ ដែលទទួលបានតំណែងកំពូលក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។

លើសពីការគ្របដណ្តប់ពេញលេញ នៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍ CBC ក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្មដើម្បីផ្តល់នូវការបង្ហាញ ការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវសម្រាប់និស្សិតពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះគឺមានគោលបំណង ក្នុងការធ្វើឱ្យនិស្សិតទទួលបាន ជំនាញដែលឲ្យគេត្រៀមខ្លួនរួចជាស្រេចក្នុងទីផ្សារនៅពេលពួកគេបញ្ចប់ការសិក្សា។

លោកស្រីបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា «នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទីបួននេះ»

លោកស្រីបន្តថា «សាកលវិទ្យាល័យ បានបង្កើតថ្នាក់សិក្សាលើជំនាញដ៏សំខាន់នេះ ដល់និស្សិតកម្ពុជាប្រព្រឹត្តឡើងនៅខណៈពេលដ៏សមស្រប។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម ខ្ញុំមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធានយុវជន ដែលមានសម្ថភាពច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត នៅវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយ ទៅដល់ប្រជាជនយើង ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ»។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃ RUPP បានថ្លែងថា «RUPP ពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រាប់ប្រទេស។ សម្រាប់កម្មវិធីចុះហេត្ថលេខានៅថ្ងៃនេះ ជា គំរូនិងសក្ខីភាពមួយ បង្ហាញពីការចូលរួមរបស់ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) នៅក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិយើង»

លោកបានបន្តថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ស្មោះអស់ពីចិត្ត ចំពោះលោកស្រី ជា សិរី និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ និងក្រុមការងារ ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ដែលបានគ្រាំយ៉ាងពេញទំហឹង និងប្រថុយប្រថាននៅក្នុងអំឡុងកូវីដនេះ ក្នុងការផ្តួចផ្តើមនិងបង្កើតឲ្យមានអនុស្សរណៈយោគយល់នេះ ហើយជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមការងារ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការិយាល័យទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យវិស្វកម្ម ដែលបានខិតខំជួយរៀបចំផងដែរ»

អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងលោកបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃ RUPP ។ CBC ក៏បានជួយ RUPP ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយផ្តល់ការប្រឹក្សាលើវិស័យនេះ ដើម្បីបង្កើតកម្មវិធីអប់រំដែលសមស្របទៅតាមតម្រូវការជាក់ស្ដែងក្នុងទីផ្សារការងារ។

លោកបណ្ឌិត ងួនផាន់ ភក្ដី ព្រឹទ្ធបុរស មហាវិទ្យាល័យវិស្វកម្ម បានថ្លែងថា «តាមរយៈថវិការរបស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំនិងជួយជ្រុំជ្រែងពីសាកលវិទ្យាធិការ មហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាត ពីក្រសួងអប់រំយុវជននិងកីឡា ឲ្យទទួលនិស្សិតសិក្សាមុខ ជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ»

លោកបន្ថែមថា «សម្រាប់ការចុះហត្ថលេខានៅថ្ងៃនេះ លើអនុស្សរណៈ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) បានផ្តល់អាហាររូបករណ៍ថ្លៃសិក្សា (ដល់និស្សិតចំនួន ៨នាក់) សម្រាប់រយៈពេលបួនឆ្នាំ ដែលមានថវិកាសរុបចំនួន ៨ម៉ឺន (ប្រមាណ ជាង ៣២០លានរៀល)។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមចុះឈ្មោះចូលរួមប្រឡងដើម្បីទទួលបានអាហាររូបករណ៍នេះផងដែរ»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យ យើងបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ ដូច្នេះ ដើម្បីអាចអភិវឌ្ឍទាន់ការវិវឌ្ឍដ៏ឆាប់រហ័ស របស់សេដ្ឋកិច្ច និងបច្ចេកវិទ្យា យើងត្រូវមានការរួមបញ្ចូលសហការគ្នារវាងវិស័យកឯកជន ជាមួយនឹងវិស័យអប់រំដូចជាសាកលវិទ្យាល័យ»

លោកថ្លែងទៀតថា «យើងមានសេចក្ដីសោមនស្សទទួលស្វាគមន៍កិច្ចសហការនេះ ដែលជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គម ដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយទន្ទឹមនឹងនេះ យើងក៏ហាក់បីដូចជាបានជួយរៀបចំឲ្យប្អូនៗបានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច»

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១២ មក CBC បានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និង សេវាកម្មរបាយការណ៍ឥណទានដ៏ឈានមុខគេ ជូនដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។ CBC ជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានបុគ្គល របាយការណ៍ឥណទានក្រុមហ៊ុន ពិន្ទុឥណទាន (ខេ-ស្ករ), របាយការណ៍បែបវិភាគទិន្នន័យ សេវាគ្រប់គ្រងផលប័ត្រ សេវាត្រួតពិនិត្យផលប័ត្រ និងដំណោះស្រាយតាមតម្រូវការអតិថិជន។

ចំណែកឯ RUPP គឺជាសាកលវិទ្យាល័យសាធារណៈ ដែលចំណាស់ជាងគេបំផុតនិងធំបំផុតមួយរបស់ប្រទេសកម្ពុជា។ សាកលវិទ្យាល័យ បានផ្តល់អាហារូបករណ៍ជាង ១២,០០០ និងនិស្សិតដែលបង់ថ្លៃពេញ ទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា។ លក្ខណៈពិសេសតែមួយគត់នោះ គឺការអនុញ្ញាតឲ្យនិស្សិតនៅក្នុងប្រទេសកម្ពុជា មានជម្រើសសិក្សាបែបជំនាញឯកទេសលើមុខវិជ្ជានានា ដូចជា វិទ្យាសាស្ត្រ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ព្រមទាំងសញ្ញាបត្រវិជ្ជាជីវៈក្នុងវិស័យដូចជា បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក ចិត្តវិទ្យា ការងារសង្គម និងទេសចរណ៍។ RUPP ក៏ផ្តល់កម្មវិធីភាសាកម្រិតឈានមុខគេរបស់កម្ពុជា តាមរយៈវិទ្យាស្ថានភាសាបរទេសផងដែរ។ ដោយសារសមិទ្ធផលជាច្រើន RUPP មានសមាជិកពេញលេញនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN)៕