(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន៤៤,០០០ដុល្លារ ដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ផងដែរ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ចំនួន ៤៤,០០០ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចសណ្ឋាគារ ខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ GAN HUA FENG អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel។ ចំណែកឯជនរងគ្រោះឈ្មោះ ZHANG YANGFENG ជនជាតិចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ។

វត្ថុតាងចាប់យក ម្សៅម៉ដ្ឋ ពណ៌ស ចំនួន០១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឺងគ្រឿងញៀន ចំនួន០១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ក្តារឈើ) ចំនួន០២, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដុំកាមេរ៉ាសុវត្ថិភាពម៉ាក JHUA ពណ៌ខ្មៅ ចំនួន០១គ្រឿង, ទូរស័ព្ទដៃ iPhone 12Pro Max ពណ៌ប្រផេះ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន០៤ គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី។ ចំណែកបក្ខពួកផ្សេងទៀតកម្លាំងជំនាញកំពុងស្រាវជ្រាវឃាត់ខ្លួន៕