(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។

ការចេញសារអំពាវនាវបន្ទាន់របស់អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។

លោក ឌី វិជ្ជា តាមរយៈ Facebook បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំបាទប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ»

ជាមួយគ្នានេះ លោក ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ពិសេសទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ និងកាត់ផ្តាច់ចរន្តឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

គួរជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៧៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់ និងឆ្លងក្នុងសហគមន៍៧៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៩៧នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៤៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៤៦២នាក់, ស្លាប់សរុបចំនួន៣,០១៧នាក់៕