(ឧត្តរមានជ័យ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្ដរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំលឹកដល់កងទ័ពទាំងអស់ មិនត្រូវភ្លេចភារកិច្ចក្នុងការពង្រឹងខឿន ការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពនោះឡើយ។

ក្នុងពិធីនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កងទ័ពត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។

ទន្ទឹមនឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត ឲ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ៦ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។

ជាក់ស្តែងក្នុងថ្ងៃនេះ មានការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានា សរុប៣៦ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំចំពោះ សុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ តាមគ្រប់បណ្តាស្ថាប័ន-កង ឯកភាពជួរមុខទូទាំងប្រទេស។

បន្ថែមពីនេះ លោកក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះផ្សេងទៀត ដែលកន្លងមក បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹង ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ។

លោក ហ៊ុន ម៉ាណែត ក៏សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ក៏ដូចជាប្រជាជនក្នុងខេត្តឧត្តរមានជ័យ និងនៅទូទាំងប្រទេសចំពោះការបាត់បង់សាច់ញាតិ មិត្តភក្តិ ដោយសារជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ និងសូមបួងសួងឲ្យវិញាណក្ខន្ធរបស់ពួកគាត់បានទៅដល់សុគតិភព។

សូមបញ្ជាក់ផងដែរថា បើគ្មានការសម្រចចិត្តត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ គឺដូចដែលអ្វីដែល សម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដ៏រង្គាលនៃរបបប៉ុលពត។ ទាំងនេះ គឺជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទោះក្នុងកាលៈទេសៈស្មុគស្មាញយ៉ាងណា ក៏សម្តេចអាចគ្រប់គ្រងស្ថានការណ៍ ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនិងនេះ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឲ្យបានគ្រប់គ្នា ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាល នៃមេរោគបំប្លែងថ្មីៗ ដែលកើតមាន៕