(បន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ រស់ សារុំ មេបញ្ជាការ (ស្តីទី) វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានទប់ស្កាត់ពលករខ្មែរប្រុស ស្រីចំនួន០៦នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅភូមិសាស្ត្រស្រុកថ្មពួក។

បើតាមមន្ត្រីដែលចុះក្នុងប្រតិបត្តិការផ្ទាល់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភ ឆ្នាំ២០២២នេះ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់បឹងត្រកួន ចំនួន ០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡូយ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់បឹងត្រកួន បានធ្វើការទប់ស្កាត់ពលករ បម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ០២នាក់ (ស្រី០១នាក់) នៅត្រង់ចំណុចគោលដៅផ្ទះខៀវ ស្ថិតក្នុងភូមិសាស្រ្ត ភូមិថ្នល់បំបែបក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤៖១៨នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនមហោស្របចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ វណ្ណៈ នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ ផ្នែកសឹករងស្រុកថ្មពួក ចំនួន០២នាក់ បានធ្វើការទប់ស្កាត់ពលករបម្រុងចំណាកលួចឆ្លងដែនខុសច្បាប់ចំនួន០៤នាក់ (ស្រី០១នាក់) នៅត្រង់ចំណុចគោលដៅដើមកកោះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ រស់ សារុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យបាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ជូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តអនុវត្តន៍នូវវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង។

បន្ទាប់កម្លាំងប៉ុស្តិ៍បានធ្វើកិច្ចសន្យា និងណែនាំស្តីពីការរីករាលដាលជំងឺកូវីដ១៩ រួចបានរៀបចំបញ្ជូនពលករសរុប០៦នាក់ ប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍ទៅតាមនីតិវិធី៕