(កំពង់ឆ្នាំង)៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប នៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះប្រគល់កញ្ចប់វិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ក្នុងពិធីនេះ លោកបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះមន្ត្រីដែលទើបប្រឡងជាប់មកបម្រើការងារនៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

លោក នុត សុខុម បានថ្លែងអំណរគុណដល់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលបានខិតខំយកទឹកដាក់ក្នុងការរៀបចំប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយបានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។ លោកបានបន្តទៀតថា ក្នុងនាមឯកឧត្តមផ្ទាល់សូមថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំយុវជននិងកីឡា។

លោកបានបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ អាស្រ័យហេតុនេះ សូម គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តមេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.បជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបង្ហាញនូវតម្លាភាព យុត្តិធម៌ ដែលអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គណបក្សនយោបាយដើម្បីការបោះឆ្នោតទទួលបានជោគជ័យ និងផ្ដល់ទំនុកចិត្តដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនោះដែ លោកសូមឱ្យផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម នៅថ្នាក់ខេត្ត និងឃុំ សង្កាត់ ពង្រឹងនូវតួនាទីនិងភារកិច្ចរបស់ខ្លួន ក៏ដូចជាស្វែងយល់ឲ្យបានស៊ីជម្រៅលើច្បាប់ បទបញ្ជានិងនីតិវិធី ក្នុងការសម្របសម្រួលនិងដោះស្រាយរាល់ពាក្យបណ្ដឹងនានា ព្រោះថាការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការបោះឆ្នោតនេះ បញ្ចប់ត្រឹម គ.ជ.ប ។

លោកបានឱ្យដឹងផងដែរថា គ.ជ.ប និងផ្ទល់ម៉ាស៊ីនកុំព្យូទ័រថ្មីនាពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការបោះឆ្នោតនេះ ។ លោកបានសំណូមពរ ឲ្យសហការ ប្រជុំ ជជែកគ្នា ចំពោះមុខ ជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យការបោះឆ្នោត អាចទទួលយកបានទាំងអស់គ្នាដើម្បីបញ្ជៀស នូវអំពើហិង្សា ដែលអាចកើតជាយថាហេតុ។

លោកបានជូនពរដល់មន្ត្រីទាំងអស់ ទទួលបានជោគជ័យ ជាពិសេសដំណើរនៃការជ្រើសរើសសមាសភាព គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនិងពេលបោះឆ្នោត ក៏សូមឲ្យមានការអនុវត្ត វិធានការសុខាភិបាលខ្ពស់ ក្នុងពេលប្រឡង និងពេលបោះឆ្នោតខាងមុខ ដើម្បីការពារខ្លួនពីការរីករាលដាលពីជំងឺកូវីដ១៩៕