(ភ្នំពេញ)៖ ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត ដែលជាក្រុមហ៊ុនសឹង្ហបុរី ហើយបានវិនិយោគជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជានោះ បានបង្កើតមជ្ឈមណ្ឌលកសិកម្មលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលផ្តុំការវិនិយោគចំរុះលើវិស័យកសិកម្ម ដូចជាការកែច្នៃចំណីអាហារ ចិញ្ចឹមសត្វ ទីកន្លែងពានិជ្ជកម្មនិងចម្ការថាមពលព្រះអាទិត្យជាដើម។

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគលើការដាំពោត និង ដំឡូងមី និងកែច្នៃជាម្សៅមីសម្រាប់នាំចេញទៅក្រៅប្រទេសលើទីតាំងខាងលើតាំងពីឆ្នាំ២០០៨ មកម្ល៉េះ បន្ទាប់ពីខ្លួនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។ ដើម្បីពង្រីកសក្តានុពលនៃការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀតនោះ ទើបក្រុមហ៊ុនសម្រេចបង្កើតទីតាំងនោះទៅជាមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ដើម្បីកៀរគរអ្នកវិនិយោគផ្នែកកសិកម្មចូលរួមវិនិយោគ និងកែប្រែតំបន់នោះ ទៅជាកន្លែងអភិវឌ្ឍន៍ផ្នែកកសិកម្មចម្រុះ និងទំនើបមួយ។

ពិធីដាក់ដំណើរការមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី និងបង្ហាញគម្រោងវិនិយោគផ្នែកកសិកម្មនៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានចូលរួម និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកវិនិយោគលើវិស័យកសិកម្មទាំងក្នុង និងក្រៅប្រទេស។

តំណាងក្រុមហ៊ុនកសិកម្ម របស់ប្រទេសសិង្ហបុរី លោក លេង ឃាង បានឱ្យដឹងថា មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី គឺជាគម្រោងវិនិយោគដ៏ធំ និងជាគំនិតវិនិយោគបែបថ្មីមួយនៅកម្ពុជា។ លោកបានឱ្យដឹងទៀតថា នៅក្នុងមជ្ឈមណ្ឌលបែងចែកជា១៦តំបន់ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគអាចជ្រើសរើសការវិនិយោគតាមបំណងប្រាថ្នារបស់ខ្លួន។

បើតាមលោក លេង ឃាង តំបន់ទាំង១៦ ដែលបង្កើតឡើងនៅក្នុតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរីនេះ រួមមាន៖ តំបន់ពាណិជ្ជកម្ម, តំបន់ដំណាំកសិកម្ម, តំបន់កសិកម្មចិញ្ចឹមសត្វ, តំបន់ឧស្សាហកម្មធន់ស្រាល, តំបន់ឧស្សាហកម្មកែច្នៃអាហារ និងមជ្ឈមណ្ឌលដឹកជញ្ជូន, តំបន់កសិកម្មចិញ្ចឹមត្រី សត្វ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ, តំបន់ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងកសិកម្មចិញ្ចឹមសត្វ, ដីកម្មសិទ្ធិឯកជន, តំបន់ស្នាក់នៅ និងលំនៅដ្ឋានសាធារណៈ, តំបន់ជីកយករ៉ែថ្ម, តំបន់លក់សម្ភារៈសំណង់, រោងចក្រផ្គត់ផ្គង់ទឹក និងស្តុកទឹក, អាងស្តុកទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រ, កសិកម្មលំអរត្រី កង្កែប និងបង្កង, គម្រោងអភិវឌ្ឍចម្រុះ និងតំបន់សម្រាប់អាជីវកម្មលើរូបបដិមា។

លោក លេង ឃាង បានបញ្ជាក់យ៉ាងដូច្នេះ «យើងចង់ទាញអ្នកវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគនៅសឹង្ហបុរី ក៏ដូចជាអ្នកវិនិយោគនៅប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជា ដើម្បីយើងផ្តល់កន្លែង ផ្តល់ទីតាំង ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលយើងមានដីរហូតដល់១ម៉ឺនហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់ផលិតនូវអ្វីដែលពួកគាត់ចង់វិនិយោគ»។

លោក លេង ឃាង បន្ថែមថា «នេះគឺជាឱកាសមួយសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលគាត់ចង់វិនិយោគលើវិស័យកសិកម្ម គាត់អាចចូលរួមជាមួយក្រុមហ៊ុនអេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត »

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត បានវិនិយោគនៅទីតាំងដីដែលជាសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយបានធ្វើការបោសសំអាតដី រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងទឹក ព្រមទាំងបានដាំដំឡូងមី និងបង្កើតជារោងចក្រសម្រាប់កែច្នៃដំឡូងមីជាម្សៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា ខ្លួនបានដាក់ទុនវិនិយោគនៅទីតាំងខាងលើនេះអស់ប្រមាណជា ៣០លានមកហើយ។ លោក លេង ឃាង បានអះអាងថា ការវិនិយោគនៅទីតាំងខាងលើនេះ គឺមានអំណោយផលខ្ពស់សម្រាប់ការដឹកជញ្ជូនផលិតផលដែលផលិតបានទៅកាន់ទីផ្សារ ដោយសារតែទីតាំងនៅជិតនឹងផ្លូវជាតិលេខ ៣, ៤, ៤១, ៤៤ និង៥១។

«ឱរ៉ាល់ជាស្រុកមួយ របស់ខេត្តកំពង់ស្ពឺ ហើយមជ្ឈមណ្ឌលនេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វ ហើយយើងមានផ្លូវ ដែលអាចភ្ជាប់ទៅជាមួយផ្លូវជាតិលេខ៤ លេខ៥ លេខ៣ លេខ៤១ និង៥១ ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគនៅក្នុងមជ្ឈមណ្ឌលនេះ ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលទៅកាន់ទីផ្សារ»។ នេះជាការបញ្ជាក់របស់លោក លេង ឃាង។

សម្រាប់លោក លេង ឃាង ប្រសិនបើមិនមានឧបសគ្គណាមួយមកបន្ទុចបង្អាក់ទេនោះ គម្រោងខាងលើនេះអាចសម្រេចទៅតាមផែនការដែលបានរៀបចំ និងគិតគូរក្នុងរយៈពេលប្រមាណជាពីរទៅបីឆ្នាំខាងមុខនេះ។ លោក លេង ឃាង បានលើកឡើងដែរថា ការបង្កើតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សឹង្ហបុរី មិនត្រឹមតែរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែក៏នឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ ខណៈបច្ចុប្បន្នមានមានកម្មករសរុបជាង ៤០០នាក់ហើយ កំពុងបម្រើការងារនៅតំបន់អភិវឌ្ឍន៍វិស័យកសិកម្មដ៏ធំមួយនេះ។

តំណាងក្រុមហ៊ុនរូបនេះ បានអះអាងថា បន្ទាប់ពីក្រុមហ៊ុនបានប្រកាសដាក់ចេញនូវគម្រោងមួយនេះ គឺមានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ អ្នកវិនិយោគមានបំណងវិនិយោគនៅមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សឹង្ហបុរី អាចទាក់ទងសាកសួរព័ត៌មានតាមទូរស័ព្ទលេខ ០៩៩ ៨២៩ ៥៤៥៕