(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រគល់ម៉ូតូ ចំនួន១៣គ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់សិស្សឆ្នើម ចំនួន១៣នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិធីនៅបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស, លោក ឈាវ ហ៊រ អនុប្រធានក្រុមប្រឹក្សា, លោកប្រធានការិយាល័យអប់រំ និងកីឡា ស្រុកព្រៃកប្បាស ព្រមទាំងលោក លោកស្រីជាមន្ត្រីរាជការសាលាខណ្ឌពោធិ៍សែនជ័យនិងស្រុកព្រៃកប្បាស នាយកសាលាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។

ប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាស បានថ្លែងអំណរគុណជាអនេកចំពោះលោក ហែម ដារិទ្ធិ អភិបាលពោធិ៍សែនជ័យ តែងយកចិត្តទុកដាក់ជួយគាំទ្រជួយជ្រោមជ្រែង ទំនុកបម្រុងជាបន្តបន្ទាប់ជាថវិការ សម្ភារៈ ក្នុងវិស័យអប់រំ និងស្មារតីជារៀងរាល់ឆ្នាំ ពិសេសសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A កន្លងមក គឺតែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់១គ្រឿងគ្រប់ៗគ្នា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្តម្ភម៉ូតូ បាន៤លើកហើយ ដោយមានចំនួនសរុប២១គ្រឿង។

ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ គណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួនទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនសិស្សានុសិស្ស ប្រឡងបាននិទ្ទេស A ដែលប្រពៃណីនេះ លោកក៏ធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងក៏ធ្លាប់បានសន្យាថា ដរាបណាលោកនៅតែជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនឹងនៅតែបន្តផ្តល់រង្វាន់ម៉ូតូ ដល់ប្អូនៗ ដែលជាប់និទ្ទេស A ជារៀងរាល់ឆ្នាំ ទោះចំនួនប៉ុន្មាននាក់ក៏ដោយ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ទូទាំងស្រុកព្រៃកប្បាស សូមខិតខំរៀនសូត្រឲ្យបានពូកែ និងប្រឡងចាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថាលោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋានក៏ដោយ តែក៏សង្ឃឹមថានឹងមានរង្វាន់លើកទឹកចិត្តជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវចេះគោរពស្រឡាញ់, ឪពុកម្តាយ, បងប្អូន, លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ៕