(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។

ក្នុងសន្និបាតនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សរុបចំនួន៨៩រូប។

បើតាមលទ្ធផលនៃអង្គសន្និបាតបានបញ្ជាក់ថា អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះពលិកម្មរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានចូលរួមចំណែកយ៉ាងធំធេងទាំងមុនពេលមានការរីករាតត្បាត នៃជំងឺកូវីដ១៩ ពេលរីករាតត្បាត និងពេលបើកសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញ។

អង្គសន្និបាតបានថ្លែងអំណរគុណចំពោះពលិកម្មខ្ពស់របស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត ទាំង៣,១៩៨នាក់ នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងរាជធានី-ខេត្ត។

អង្គសន្និបាតបានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបបានចំនួន ១,៣៧៩,៩៩៧នាក់ និងបានពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលសែនសុខ១ ចំនួនជាង១ម៉ឺន១ពាន់នាក់ នៅមណ្ឌលព្យាបាលព្រីមែរសែនសុខ ចំនួន១ម៉ឺន៦ពាន់នាក់ និងនៅមណ្ឌលពហុកីឡដ្ឋានអូឡាំពិក ចំនួនជាង២ម៉ឺន៦ពាន់នាក់ និងក្រុមសង្គ្រោះផ្លូវចិត្តបឋម ដែលផ្តល់ការប្រឹក្សាយោបល់តាមប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាមបានចំនួន៨៨៧នាក់។

អង្គសន្និបាតសូមគោរពកោតស្ងប់ស្ងែង ចំពោះក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងសាច់ញាតិ ហើយខ្លះបានប៉ះពាល់ផ្ទាល់ត្រូវធ្វើចត្តាឡីស័ក និងខ្លះទៀត ត្រូវឆ្លងជំងឺកូវីដ១៩ ទាំងក្រុមចាក់វ៉ាក់សាំង និងក្រុមព្យាបាលកូវីដ។

អង្គសន្និបាតបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៧ចំណុច ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ និងបញ្ឈប់ការរីករាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ដែលក្នុងនោះរួមមាន៖

*ទី១៖ ត្រៀមខ្លួនជានិច្ចក្នុងការបន្តចូលរួមយ៉ាងសកម្ម និងឥតងាករេជាមួយរាជរដ្ឋាភិបាល និងគ.វ.ក ១៩ ក្នុងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន

*ទី២៖ ត្រៀមខ្លួនជានិច្ចក្នុងការបន្តចូលរួមយ៉ាងសកម្ម និងឥតងាករេជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ តាមគ្រប់រូបភាព (ការព្យាបាលនៅតាមមណ្ឌល ព្យាបាលនៅតាមសហគមន៍ និងព្យាបាលនៅតាមផ្ទះ)

*ទី៣៖ ត្រៀមខ្លួនជានិច្ចជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជនដើម្បីធ្វើការសិក្សា ស្រាវជ្រាវ និងពិសោធន៍ ដើម្បីផលិតវ៉ាក់សាំង និងឱសថប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា

*ទី៤៖ បន្តចុះផ្សព្វផ្សាយ និងអប់រំពីវិធីសាស្រ្តក្នុងការបង្ការ និងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមគ្រប់យន្តការ

*ទី៥៖ បន្តចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីតំបន់សេវាកម្មសុខាភិបាលដោយអនុលោមតាមស្តង់ដារប្រតិបត្តិ នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក្នុងបរិបទនៃជំងឺកូវីដ១៩

*ទី៦៖ បន្តពង្រឹង និងពង្រីកសេវាកម្មសង្គ្រោះផ្លូវចិត្តបឋមតាមប្រព័ន្ធអនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

*ទី៧៖ បន្តពង្រឹង ពង្រីក និងធ្វើពិពិធកម្មចំណេះដឹង និងការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យឯកទេសនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាមួយក្រុមគ្រូពេទ្យជំនាញទាំងក្នុង និងក្រៅប្រទេស៕