(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការផ្ដល់កំណើតទី៣ សម្រាប់ប្រជាជនកម្ពុជា ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺនេះ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងឱកាសលោក និងលោក លូ គឹមឈន់ ប្រធានក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការគណបក្សប្រជាជនឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងកំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ទូទាំងសាកលលោក រហូតមកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថានៅមានមនុស្សស្លាប់ដោយសារជំងឺនេះជាបន្តបន្ទាប់នៅឡើយ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ក្នុងកំឡុងពេលជាង ៤០ថ្ងៃកន្លងទៅនេះ គ្មានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ បើទោះជាក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មីៗ បន្តបន្ទាប់ក៏ដោយ។ ដែលកត្តានោះ ដោយសារប្រជាពលរដ្ឋយើងបានចាក់វ៉ាក់សាំងការពារជំងឺនេះរួចមកហើយ។

ដូច្នេះ វ៉ាក់សាំងគឺជាអាវក្រោស សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ឲ្យរួចផុតពីជំងឺកូវីដ១៩ ដែលយើងអាចនិយាយបានថា វ៉ាក់សាំងនេះ គឺជាការផ្ដល់ជូននូវកំណើតទី៣ ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងនោះកំណើតទី១៖ ប្រសូត្រចេញពីផ្ទៃម្តាយ, ទី២៖ ថ្ងៃ ៧ មករា និងទី៣៖ គឺវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះតែម្តង ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃដើម្បីសង្គ្រោះអាយុជីវិតបងប្អូន ឲ្យរួចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ទន្ទឹមនឹងនេះចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ដែលជាដូសជំរុញ សូមរួសរាន់ទៅចាក់តាមកាលកំណត់របស់គ្រូពេទ្យ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានជំរុញដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ឲ្យខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស សេវាដែលនៅសេសសល់ ត្រូវធ្វើឲ្យហើយមុនពេលដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕