(កំពត)៖ លោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាម ខេត្តកំពត និងខេត្តកែប ព្រមទាំងបានប្រគល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងសពសម្រាប់ខេត្តទាំងពីរ។

ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក អុីត ហ៊ីម ប្រធានគណៈអុីម៊ាំខេត្តកំពត, លោក អ៊ូ ម៉ើត ប្រធានគណៈអុីម៊ាំខេត្តកែប, អនុរដ្ឋលេខាធិការ, ទីប្រឹក្សារាជរដ្ឋាភិបាល, លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតផងដែរ។

ក្នុងឱកាសនោះ លោក ម៉ន គ្រីយ៉ា បាននាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជូនអ្នកចូលរួមទាំងអស់ផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់គ្លីនិក ម៉ើត ឌុលសេត ដែលខិតខំប្រឹងប្រែងរកជំនួយ ពីសប្បុរសជនក្រៅប្រទេស ជារថយន្តសម្រាប់ដឹកអ្នកជំងឺ និងសព ជូនសហគមន៍ឥស្លាមក្នុងខេត្តកំពត និងខេត្តកែប។ លោកបានផ្តល់ជាយោបល់ជូនម្ចាស់គ្លីនិក ម៉ើត ឌុលសេត ត្រូវសហការជាមួយស្ថាប័នដែលពាក់ព័ន្ធក្នុងកិច្ចការងារខាងលើ ជាពិសេសមន្ទីរសុខាភិបាល និងធម្មការខេត្ត ដើម្បីឲ្យស្របទៅតាមច្បាប់របស់រដ្ឋ។

លោកបានបន្តលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះសាសនិកឥស្លាមក៏បានទទួលបានសិទ្ធិសេរីភាពគ្រប់បែប យ៉ាងក្រោមច្បាប់របស់ប្រទេស ជាពិសេសក្នុងសម័យកូវីដ១៩ សហគមន៍ឥស្លាម បានទទួលទីតាំងដីសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយកូវីដ និងថវិកាឧបត្ថម្ភសព ពីរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានការរើសអើងនោះឡើយ។

លោកបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំឥស្លាមក្នុងខេត្តកំពត និងខេត្តកែប ត្រូវបន្តសាមគ្គីគ្នាជាធ្លុងមួយ កុំរើសអើងគ្នា ត្រូវចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងសូមឲ្យបន្តខិតខំថែរក្សាការពារខ្លួន និងក្រុមគ្រួសារ ជៀសឲ្យផុតពីជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា ជាពិសេសបន្តអនុវត្តន៍ បីកុំ បីការពារ ឲ្យបានខ្ជាប់ខ្ជួន៕