(ភ្នំពេញ)៖ វគ្គសិក្សាថ្មី អំពីរបៀបសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានឈានចូលសប្តាហ៍ទី៣ហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅក្នុងសប្តាហ៍ទី៣នេះ លោកគ្រូ ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News បានបង្ហាញអំពីតុល្យភាព នៃអត្ថបទដំណឹង (Spot News) និងណែនាំឱ្យស្គាល់ពីប្រភពព័ត៌មាន បន្តពីមេរៀនក្នុងសប្តាហ៍ទី២ កន្លងទៅ។

លោកគ្រូបានណែនាំដល់សិក្ខាកាមអំពី វិធីត្រឹមត្រូវដើម្បីចុះយកព័ត៌មាន ក្នុងទីកន្លែងកើតហេតុ។ បើតាមលោក ម៉ារ យ៉ារិទ្ធ ក្នុងការចុះប្រមូលព័ត៌មាន ត្រូវពឹងផ្អែកទៅលើប្រភព៣សំខាន់ៗ រួមមាន៖

* ទី១៖ ការយកព័ត៌មានដោយផ្អែកទៅលើការចុះទៅអង្កេតដោយផ្ទាល់នៅទីកន្លែងកើតហេតុ ដែលភាសាអង់គ្លេស ហៅថា FIRST- HAND ACCOUNT។ វិធីនេះជាវិធី ដ៏ល្អបំផុតដែលធ្វើឡើងតាមរយៈការឃើញផ្ទាល់ របស់អ្នកយកព័ត៌មាន ហើយវិធីនេះនឹងបានញ៉ាំងឱ្យអ្នកយកព័ត៌មានបានទទួលកិត្តិយសយ៉ាងខ្លាំង។

* ទី២៖ ការយកព័ត៌មានតាមរបៀបប្រយោលផ្ទាល់ផ្អែកតាមសាក្សីនៅទីកើតហេតុ។ វិធីនោះជាភាសាអង់គ្លេស ហៅថា SECOND-HAND ACCOUNT។ របៀបនេះគឺជា ជំរើសទី២ ដែលអ្នកយកព័ត៌មានត្រូវគិតថា មិនមែនជាវិធីល្អប្រសើរ ដូចទី១ នោះទេ។

* ទី៣៖ ការយកព័ត៌មានទី៣ គឺជារបៀបប្រយោលមិនផ្ទាល់ ផ្អែកតាមមនុស្សទី៣។ វិធីនោះ គឺអ្នកយកព័ត៌មានបានទទួលដំណឹងពីមនុស្សម្នាក់ ដែលសាក្សីផ្ទាល់បានប្រាប់ទៅរូបគាត់នោះ។ វិធីនេះក៏មិនមែនជាវិធីល្អដែរ ព្រោះការពិតបានស្ថិតនៅឆ្ងាយហើយកំបាំងពីមុខយើងពេក ហើយការដឹងនោះទៀត បានធ្វើតាមរយៈ មនុស្សទី៣នោះដែរ។ វិធីនេះជាភាសាអង់គ្លេសហៅថា THIRD-HAND ACCOUNT និងជារឿយៗត្រូវបានគេប្រើប្រាស់មន្ត្រីអ្នកនាំពាក្យ តាមអង្គភាពនីមួយៗ ក្នុងការប្រាប់ព័ត៌មាន ទៅកាន់អ្នកសារព័ត៌មាន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលខកខានមិនបានចូលរៀនវគ្គនេះ ក៏នៅមានឱកាសក្រោយទៀត ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) កំពុងពិចារណាក្នុងការរៀបចំវគ្គសិក្សាខ្លីថ្មីៗទៀត ពាក់ព័ន្ធនឹងជំនាញក្នុងវិស័យព័ត៌មាន ក្នុងឆាប់ៗនេះ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334